ប៉ោយប៉ែត៖ អ្នកស្រុកក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវលំ និងផ្លូវបេតុងមួយចំនួនមានការត្អួញត្អែរអំពីបញ្ហាសំរាម ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន ប៉ះពាល់សុខភាព ជះក្លិនស្អុយអសោចិ៍ដោយពួកគាត់ប្រាប់ថា សំរាម ដែលជាសំណល់ផ្នែកមួយធ្វើឲ្យប៉ះ ពាល់ដល់ប្រព័ន្ធលូ បង្កជន់លិចធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ ដែលមាន ។ សំណល់ទាំងនោះ ពលរដ្ឋនៅតាមបណ្ដាភូមិមួយចំនួន បានយកមកបោះចោលគ្មានការវេចខ្ចប់ឲ្យបានត្រឹមត្រូវ និងរក្សាទុកឲ្យក្រុមហ៊ុនប្រមូលសំរាមមកយកដើម្បីកាត់បន្ថយបរិស្ថាន និងថែរក្សាសុខភាព ។
មួយផ្នែកទៀតពួកគាត់បន្តថា កាកសំណល់ ដែលពលរដ្ឋយកមកចោលតាមបណ្ដាផ្លូវលំ និងផ្លូវបេតុងនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺមកពីក្រុមហ៊ុនប្រមូលសំរាមក្រុងប៉ោយប៉ែតមិនមានធុងសំរាម ដាក់តាមផ្ទះ ឬមិនមានរថយន្តប្រមូលសំរាមច្រើន ដើម្បីមកយកនៅតាមខ្នងផ្ទះរបស់ពួកគាត់ ទើបពួកគាត់នាំគ្នាយកសំណល់ទាំងនោះ មកចោលតាមផ្លូវលំ និងផ្លូវបេតុងឬដីឡូត៍ទំនេរ ម្យ៉ាងទៀត ក្រុមហ៊ុនប្រមូលសំរាមដើរប្រមូលនៅតែតាមក្បែរក្រុងប៉ោយប៉ែតមិនទាន់ផង ។
ករណីខាងលើនេះ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតក៏បានរិះគនទៅ និងក្រុមហ៊ុនប្រមូលសំរាមផងដែរ ដោយលោកបញ្ជាក់ថា ប្រជាជនប៉ោយប៉ែតមិនសប្បាយចិត្ត គឺបញ្ហាសំរាមនេះ យើងទាំងអស់គ្នាគឺសុខុមាលភាពសំខាន់ ក្រោយពីយើងមានផ្លូវផ្នល់ ផ្ទះសំបែងល្អហើយ បើសិនជាសំរាម ព្រលឹមឡើង កន្លះខែ ឬមួយខែ មិនមកយក វាស្អុយ ពួកគាត់មិនសប្បាយចិត្តឡើយ ។
លោកបន្ថែមថា លោកនឹងខិតខំដោះស្រាយបញ្ហាខាងលើនេះ និងរកដៃគូថ្មី(ក្រុមហ៊ុនថ្មី)វិនិយោគឲ្យបានល្អ ៕ វណ្ណា