ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ១៦០នាក់ ពុលចំណីអាហារក្នុងពិធីបុណ្យសពនៅស្រុកអូរជុំ

ចែករំលែក៖

ខេត្តរតនគិរីៈ ប្រជាពលរដ្ឋចំនួន១៦០នាក់ បានក្អូតចង្អោរគ្រប់ៗគ្នា ខណៈ ដែលពួកគាត់បានចូលរួមក្នុងពិធីបុណ្យសពសង្ស័យអាចពុលចំណីអាហារក្នុងពិធីនោះ ។

ហេតុការណ៍ពុលចំណីអាហារក្នុងពិធីបុណ្យសពនេះ បានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ១កើតខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងភូមិល្អើនក្រែន ឃុំអូរជុំ ស្រុកអូរជុំ ។

លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតគិរីបានឲ្យដឹងតាមទូរស័ព្ទថា បន្ទាប់ពីកើតហេតុភ្លាម ក៏បានបញ្ជូនក្រុមគ្រូពេទ្យចុះទៅទីតាំងនោះដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋផងដែរ ។

លោកបន្តថា មូលហេតុក្អូតចង្អោរនេះគឺបណ្តាលមកពីពួកគាត់បរិភោគចំណីអាហារមិនមានអនាម័យល្អ ។ ​ តែករណីនេះមិនមានប្រជាពលរដ្ឋណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយនោះទេ ។

បើគិតមកដល់ម៉ោង៤ល្ងាចថ្ងៃដដែលនេះ ស្ថានភាពរបស់ពួកគាត់បានធូរស្រាលវិញហើយ ដោយមានក្រុមគ្រូពេទ្យប្រចាំការនៅទីនោះពិនិត្យព្យាបាល និងតាមដានសុខភាពជូនពួកគាត់រហូតដល់ពួកគាត់បានជាសះស្បើយឡើងវិញផងដែរ ៕ ជីវន្ត័


ចែករំលែក៖