ប៉ោយប៉ែត៖ ជនជាតិចិនម្នាក់ធ្លាក់ពីលើអគារ កម្ពស់៨ជាន់ស្លាប់នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅអគារផ្កាយ៥ ចំណុចភ្នំ១០០ ឋិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះមានឈ្មោះ ជាំង ចៀន ស៊ាន ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។ នៅកន្លែងកើតហេតុ គេឃើញកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលក្រុង រួមជាមួយកម្លាំងជំនាញចុះសាកសួរពិនិត្យនៅកន្លែងកើតហេតុផងដែរ ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ថា: ជុំវិញករណីខាងលើនេះ មុនកើតហេតុជនរងគ្រោះមកអង្គុយជក់បារី និងអង្គុយលេងទូរសព្ទ័នៅនឹងបង្កាន់ដៃដែកជារៀងរាល់យប់ ហើយគេអាចសង្ស័យថា ជនរងគ្រោះ អាចភ្លេចខ្លួន ក៏បណ្ដាលឲ្យធ្លាក់ស្លាប់តែម្ដង។
លោក ព្រហ្ម ពិសិដ្ឋ អធិការរងទទួលផែនព្រហ្មទណ្ឌមានប្រសាសន៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ថា សពខាងលើមានពីរករណី ទីមួយ អាចលោតសម្លាប់ខ្លួន ចំណែកករណីទី២ អាចអង្គុយលេងទូរស័ព្ទភ្លេចខ្លួន បណ្ដាលឲ្យធ្លាក់ នេះជាការសន្និដ្ឋានជំហានដំបូង តែយ៉ាងណា ករណីខាងលើនេះ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា កម្លាំងជំនាញខេត្តបន្ទាយមានជ័យចុះមកធ្វើកោសល្យវិច័យរកកាពិត ៕ វណ្ណា