ព័ត៌មានទាន់ហេតុការណ៍៖

ប្តីវាយប្រពន្ធទំនាស់ដោយសារ រឿងម្តាយក្មេកឲ្យទិញដីបងថ្លៃ តុលាការសម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ លោក គឹម រត្ន័ណារិន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ប្តីវាយប្រពន្ធទំនាស់ដោយសារ រឿងម្តាយក្មេកឲ្យទិញដីបងថ្លៃ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “ហិង្សាប្រព្រឹត្តដោយសហពទ្ធ័ ឬអនីតិសង្វាសជន” ដែលប្រព្រឹត្តនៅ ភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៨ វេលាម៉ោង១៧ និង៤៥នាទី តាមមាត្រា២២២ នៃក្រមព្រហ្មទណ្ឌ ។ អំពើរហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសពី ២(ពីរ)ឆ្នាំ ទៅ៥(ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី៤.០០០.០០០ បួនលានរៀល ទៅ១០.០០០.០០០. ដប់លានរៀល។

ជនត្រូវចោទឈ្មោះ ញ៉ែម ផានិត អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទត្រី មានទីលំនៅសព្វថ្ងៃភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះញ៉ែម ឃីម ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរដេរខោអាវរយ មានទីលំនៅសព្វថ្ងៃភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮខេត្តកណ្តាល ។

សូមរំលឹកថា កាលពីថ្ងៃ និងវេលាកើតហេតុខាងលើ ជនសង្ស័យជាប្តីជនរងគ្រោះបានឈ្លោះប្រកែកគ្នាពីរឿងម្តាយក្មេកឲ្យទិញដីបងថ្លៃ ដោយពេលនោះជនសង្ស័យនិយាយថា៖ គ្មានលុយទិញទេ រួចក៏មានទំនាស់ពាក្យសំដីជាមួយប្រពន្ធ និងម្តាយក្មេក ភ្លាមនោះជនសង្ស័យ ក៏បានយកដំបងឈើមូលខាងលើវាយត្រូវក្បាលជនរងគ្រោះ០១ដំបង បណ្តាលឲ្យបែកហូរឈាម និងវាយចំឆ្អឹងជំនីខាងស្ដាំចំនួន០១ដំបងបន្ថែមទៀតបណ្ដាលឲ្យមានរបួសតែម្តង ។ ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចប៉ុស្តិ៍កំពង់អុស និងកម្លាំងជំនាញបានចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ឆ ដា


ចែករំលែក៖