ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានសេចក្ដីរាយការណ៍មកថា លោកស្រី មុំ ពុទ្ធីតា អភិបាលរង ខេត្តឧត្ដរមានជ័យ និងលោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្ដរមានជ័យ និងលោក ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចលេខ៤២ និងបក្ខពួកផ្សេងៗទៀត សរុបចំនួន ៧ នាក់ បានឃុបឃិតគ្នា រុករានដីព្រៃឈើ របស់រដ្ឋ ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ប្រមាណ ជិតមួយពាន់ហិកតា ស្ថិតនៅចំណុចព្រំប្រទល់អតីតក្រុមហ៊ុនទន្លេស៊ូហ្គឺ ឆ្ពោះទៅចំណុចចុងវាំង ក្នុងភូមិស្រះកែវថ្មី ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ។
បើតាមប្រភពបានបង្ហើបឲ្យដឹងថា លោកប៉ែន វ៉ូយ មេបញ្ជាការកងពលតូចលេខ៤២ និងបក្ខពួករបស់លោកសរុបជាង៤០០ហិកតា លោកស្រី មុំ ពុទ្ធិតា អភិបាលរងខេត្តឧត្ដរមានជ័យ ចំនួន ២០០ហិកតា លោកឃិន ញ៉ាណ អភិបាលរងខេត្តឧត្តមានជ័យ ចំនួន ២០០ហិកតា ។
ប្រភពបានបង្ហើបបន្តថា ក្រុមអ្នកមានអំណាចទាំង៣នាក់ខាងលើ បានឃុបឃិតគ្នាយកដីព្រៃរបស់រដ្ឋនៅតំបន់ខាងលើនោះជាយូរមកហើយដែរ ។ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ កន្លងទៅថ្ងៃនេះ ពួកលោកទាំងបី នាក់ខាងលើ បានយកគ្រឿងចក្រដាក់ កកាយ រានបំផ្លាញព្រៃឈើយកដីរបស់រដ្ឋនៅតំបន់ខាងលើនោះ ។
ព្រៃឈើនៅតំបន់ខាងលើនោះ ប្រឈម នឹងវិនាសអន្តរាយ គ្មានសល់ ហើយដីដែលគ្រប់គ្រង់ដោយរដ្ឋ ក៏ត្រូវបានបាត់បង់ និងក្លាយទៅជាកម្មសិទ្ធិរបស់ មន្រ្ដីអ្នកមាន អំណាចទាំង៣ រូបខាងលើ បូករួមនឹងបក្ខពួកសរុបចំនួន៧នាក់ ។
លោក ឃិនញ៉ាណ អភិបាលរងខេត្ត ភ្នាក់ងារព័ត៌មានមិនអាចសុំការបំភ្លឺបានទេ ជុំវិញករណីខាងលើ ព្រោះទូរសព្ទ័ចូល២ដង តែគ្មានអ្នកទទួល ។
លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តបានឲ្យដឹងតាមទូរស័ព្ទថា ចំពោះអ្នកផ្សេង គាត់មិនដឹងទេ តែ បើរូបគាត់ បើមានដីនៅតំបន់ខាងលើដូចគេថា មែន លោកស្រី នឹងប្រគល់ឲ្យទាំងអស់ ព្រោះគ្មានដីនៅទីនោះមួយដុំ ដូចការចោទប្រកាន់នោះទេ សូម្បីតែទៅ ក៏មិនដែលទៅផង ។
លោកឧត្ដមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចលេខ ៤២ បានឲ្យដឹងថា វាមិនពិតទេ ដីនេះ ពីមុនមក ខាងអង្គភាពអ្នកចាត់ចែងមែន មិនមែនអង្គភាពទៅទន្ទ្រានយកដោយខុសច្បាប់ទេ គឺលោកអភិបាលខេត្ត ដោះដូរដី មកឲ្យកងពលលេខ៤២ ពីព្រោះបោះឆ្នោតអាណត្តិមុននោះ លោកអភិបាលខេត្តបានសុំដីអនុក្រឹត្យរបស់វរៈសេនាតូច៤២១ នៅភូមិអូល្អក់ យកទៅចែក ប្រជាពលរដ្ឋអស់បីបួនរយហិកតា ហើយក្រោយមកលោកអភិបាលខេត្ត លោកសងដីនៅចំណុចខាងលើមកវិញ ។
លោកបន្តថា ឈ្មោះ លឹម វ៉ាន់ឡុង ជាអ្នកមើលខុសត្រូវដីខាងលើហ្នឹងមែន ព្រោះលោកជាអ្នកប្រើ ៕ ប៉ែន នួន