ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមសារព័ត៌មាន CNN ត្រូវដកសិទ្ធិមិនឲ្យចូលសេតវិមាន

ចែករំលែក៖

«កំពុងតែមួម៉ៅចាញ់ឆ្នោតផងស្រាប់តែមកសួរជីកឫសគល់» ប្រធានក្រុមសារព័ត៌មាន CNN ប្រចាំនៅសេតវិមាន លោក Jim Acosta ត្រូវបានដកសិទ្ធិចូលយកព័ត៌មាននៅសេតវិមាន ដោយសារតែសួរសំណួរបង្កផលលំបាកដល់ប្រធានាធិបតី ដូណាល់ ត្រាំ។ អ្នកសារព័ត៌មានខាងលើ បានស្នើដល់ប្រធានាធិបតីបកស្រាយពាក្យថា «ជនឈ្លានពាន» ក្នុងការបង្ហាញពីជនភៀសខ្លួនមកពីអាមេរិកកណ្តាល នៅជាប់ព្រំដែនមិចស៊ីកូ។ ក្រុមជនភៀសខ្លួនទាំងនោះសង្ឃឹមថា នឹងទទួលបានសិទ្ធិភៀសខ្លួននៅអាមេរិក។

រយៈពេលមួយថ្ងៃក្រោយពេលដែលគណបក្សរបស់លោកចាញ់ឆ្នោតនៅរដ្ឋសភា ឬសភាតំណាងរាស្រ្ត លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដើរចូលសន្និសីទកាសែតនៅឯសេតវិមាន ដើម្បីត្រៀមខ្លួនប្រឈមនឹងសង្រ្គាមនយោបាយ ការពិនិត្យឈ្មោះមន្រ្តីគណបក្សសាធារណរដ្ឋ ដែលលោកត្រូវគេស្តីបន្ទោសរឿងចាញ់អាសនៈរបស់ពួកគេ និងវាយប្រហារមកលើអ្នកកាសែតរូបណា ដែលតែងតែផ្ចាញ់ផ្ចាលរាល់ការើកឡើងរបស់លោក។

សន្និសីទកាសែតរបស់លោក ត្រាំ ដែលមានរយៈពេលជិត៩០នាទី បានធ្វើឲ្យមានការរង្កៀលចិត្តភ្លាមៗ ពេលដែលអ្នកកាសែតមួយចំនួន បានចោទសួរចំៗថា តើវោហារសាស្រ្តយុទ្ធនាការរបស់លោកលើបញ្ហាជនអន្តោប្រវេសន៍ពីអាមេរិកកណ្តាល គឺជាដើមចមនាំឲ្យមានការបែងចែកគ្នា ហើយនឹងចោទសួរដល់ដំណើរការអភិវឌ្ឍស្តីពីការស៊ើបអង្កេតសហព័ន្ធលើការជ្រៀតជ្រែករបស់រុស្ស៊ី ចូលទៅក្នុងការបោះឆ្នោតឆ្នាំ២០១៦ និងការសម្របសម្រួលណាមួយរវាងទីក្រុងម៉ូស្កូ និងយុទ្ធនាការរបស់លោក ត្រាំ។

លោក ត្រាំ បាននិយាយប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានរបស់ CNN គឺលោក ជីម អាកូស្តា ដែលបានប្រតាយប្រតប់គ្នាជាមួយបុគ្គលិកសេតវិមាន ក្រោយពីគេបានព្យាយាមទាញក្បាលមីក្រូហ្វូនពីដៃរបស់គាត់នោះថា «CNN គួរតែរងភាពអាម៉ាស់ដោយខ្លួនឯង ដោយសារតែមានអ្នកឯងធ្វើការឲ្យពួកគេ»។

លោក ត្រាំ បាននិយាយប្រាប់លោក អាកូស្តា ថា «អ្នកឯងឈ្លើយ គឺជាមនុស្សអន់ខ្លាំងណាស់»៕ ម៉ែវ សាធី


ចែករំលែក៖