ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបុកម៉ូតូបណ្តាលឲ្យយុវជនម្នាក់របួសធ្ងន់ បម្រុងថយកិនថែម ត្រូវបុរសម្នាក់ដកកាំភ្លើងបាញ់ឡើងលើ៦គ្រាប់គំរាម

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿង ដេញបុកយុវជនម្នាក់កំពុងជិះម៉ូតូមួយគ្រឿង បណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ ខណ:នោះក៏មានបុរសម្នាក់​ ស្លៀកពាក់ស៊ីវិលឃើញហេតុការណ៍ បានដកកាំភ្លើងខ្លីបាញ់ឡើងលើ៦គ្រាប់ ដើម្បីគំរាមទៅលើរថយន្តបង្ក ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបណ្ដោយផ្លូវលេខ៩៣ ខាងមុខផ្ទះលក់គ្រឿងបន្លាស់រថយន្ត (យីហោ សាម ឃុន) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូឌ្រីមសង់០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-2579 ជិះតាមផ្លូវលេខ៩៣ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តទំនើបមួយគ្រឿងមិនចាំម៉ាកបើកដេញបុកម៉ូតូជនរងគ្រោះពីក្រោយ បណ្ដាលជនរងគ្រោះដួលម៉ូតូបោកនឹងថ្នល់រងរបួសធ្ងន់ ភ្លាមនោះរថយន្តបង្កបម្រុងថយក្រោយមកកិនជនរងគ្រោះបន្ថែមទៀត ខណ:នោះគេឃើញបុរសម្នាក់ដែលនៅអង្គុយញាំអីនៅក្បែរកន្លែងកើតហេតុឃើញហេតុការណ៍នេះ បានដកកាំភ្លើងបាញ់គំរាមឡើងលើចំនួន៦គ្រាប់ ធ្វើឲ្យ​រថយន្តបង្កបើករត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ។ ចំណែកបុរសដែលបានបាញ់គំរាមរថយន្តបង្កក៏គេចខ្លួនចេញពីកន្លែងកើតបាត់ដែរ ។ ចំណែកជនរងគ្រោះត្រូវបានរថយន្តគ្លីនិចឯជនដឹកយកទៅសង្គ្រោះភ្លាមៗ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្វមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍ ស្រះចករង់ចាំបងប្អូនយកឯកសារមកពិនិត្យទើបប្រគល់ឲ្យទៅម្ចាស់វិញ ៕ ជ្រោយពេជ្រ


ចែករំលែក៖