ភ្នំពេញ៖ នារី២នាក់ ខណៈកំពុងតែជិះម៉ូតូតាមបណ្តោយផ្លូវសុខៗ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមគ្នា៣នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទតែមិនបានសម្រេច ហើយត្រូវបាននារីរងគ្រោះស្រែកថាចោរៗ ពេលនោះកម្លាំងនគរបាលខណ្ឌឫស្សីកែវល្បាតបានឃើញ ក៏ដេញចាប់រហូត ទៅដល់ជិតវត្តទួលអស់លោក និងចាប់បានទាំង៣នាក់ ព្រមទាំងម៉ូតូ២គ្រឿង កាលពីវេលាម៉ោង៨និង៤០នាទី ថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ រួចយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវដែលមានទីតាំង តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ ឃន រ៉ាសាន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត នៅភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ទី២-ឈ្មោះ ទី សុខគង់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើ ការរោងចក្រ ស្នាក់នៅផ្ទះជួល សង្កាត់សែនសុខ មានស្រុកកំណើត នៅភូមិព្រះអង្គកែវ ឃុំជ្រុងពពាល ស្រុករំដួល ខេត្តស្វាយរៀង ។ ទី៣-ឈ្មោះ ជ ហេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលម្តុំស្ទឹងមានជ័យ មានស្រុកកំណើត ភូមិព្រៃតាណេន ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ប្រភពព័ត៌មានពីនគរបាល បានប្រាប់ឲ្យដឹងថា ដំបូងឡើយកម្លាំងខណ្ឌឫស្សីកែវ បានចុះល្បាតតាមផ្លូវជាតិលេខ៥ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿង មានគ្នា៣នាក់ ម៉ូតូទី១.ម៉ាកឌ្រីមសង់ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1J-5315 ជិះគ្នា២នាក់ និងមួយគ្រឿងទៀត ម៉ាកឌ្រីមសង់ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ស្វាយរៀង 1B-2257 ជិះតែម្នាក់ឯង តាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅត្បូងទៅជើង បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះ២នាក់ ជិះម៉ូតូស្របទិសគ្នាមិនចាំម៉ាក បានសម្រេច ក៏ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្ស៊ីកែវ បានដេញរហូតទៅដល់ផ្ទះក្រហម ជិតវត្តទួលអស់លោក ហើយក៏ចាប់បាន៣នាក់ និងម៉ូតូ២គ្រឿង ។
កម្លាំងនគរបាលបានយកជនសង្ស័យមកសួរនាំនៅប៉ុស្តិ៍ឫស្សីកែវ ចំណែកនារីរងគ្រោះ ដោយ មិនបានបាត់ទូរស័ព្ទ ក៏ជិៈម៉ូតូទៅបាត់ទៅមិនបានដាក់ពាក្យបណ្តឹងឡើយ ។ សមត្ថកិច្ចប៉ុស្តិ៍បានធ្វើកំណត់ហេតុ រួចបានបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌឫស្សីកែវ ទៅតាមនីតិវិធី ៕ អរុណរះ