ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដែកសរសៃបុកបន្តកន្ទុយគ្នាក្រឡាប់១គ្រឿងប៊ិះសង្កត់មនុស្សស្លាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រថយន្តធុនធំ១គ្រឿង ដឹកដែកសរសៃរាប់សិបតោន ចាប់ហ្វ្រាំងមិនជាប់ បានជ្រុលទៅបុកពីក្រោយរថយន្តធុនធំ២គ្រឿងទៀត ដែលឈប់ចតពីខាងមុខបន្តកន្ទុយគ្នា បណ្តាលឲ្យរថយន្ត១គ្រឿងនៅខាងមុខ ក្រឡាប់ផ្ងារកង់កណ្តាលថ្នល់ ជ្រុលសង្កត់ម៉ូតូ១គ្រឿង តែសំណាងល្អ អ្នកបើកម៉ូតូរងរបួសស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង១និង១០នាទីរសៀល ថ្ងៃសុក្រ ២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តធន់ធំ១គ្រឿង ម៉ាកហុីយាន់ដាយ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3E-4675 ដឹកដែកសសៃពេញរថយន្ត កន្ទុយរុឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4A-5295 ធ្វើដំណើរពីកើតទៅលិច ។ លុះមកដល់ចំណុចខាងលើ បានជ្រុលទៅបុករថយន្ត១គ្រឿង ម៉ាកមីស៊ុយប៊ីស្សុី ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ រដ្ឋ 25.2.0512 បើកបរដោយឈ្មោះ ឡាច អាត ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិជ្រោយអម្ពិល ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលកំពុងឈប់ចតនៅប្របផ្លូវយ៉ាងពេញទំហឹង ។

បន្ទាប់មករយន្តទាំង២គ្រឿងក៏បានរុលទៅបុករថយន្ត១គ្រឿងទៀត ម៉ាកនីស្សាន់ ពណ៌ត្រេអុី គ្មានស្លាកលេខ ដឹកថ្ម បើកបរដោយឈ្មោះ ហុង សុខឡេង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរស្របទិសគ្នា ធ្វើឲ្យរថយន្តនិស្សាន់ក្រឡាប់ទៅលើថ្នល់កៅស៊ូ ទៅប៉ះជាមួយម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាស៊ូមើរអុិច ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1HB-4476 បើកបរដោយឈ្មោះ អ៊ុយ ច័ន្ទវាសនា ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភ្នំពេញ តែសំណាងល្អ អ្នកបើកម៉ូតូស្មារតីខ្ពស់ បានលោតចេញទាន់ពេលវេលា គ្រាន់តែរបួសស្រាលតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើអន្តរាគមន៍វាស់វែង រួចអូសរថយន្ត និងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕ សេនាស័ក្តិ


ចែករំលែក៖