ព័ត៌មានទាន់ហេតុការណ៍៖

សម រង្ស៊ី គ្រោងដឹកនាំធ្វើសមាជនៅអាមេរិកដើម្បីបក្សប្រហារដណ្តើមយកតួនាទីពីកឹម សុខា

ចែករំលែក៖

ភ្នំពេញ ៖ ប្រភពផ្ទៃក្នុងឲ្យដឹងថា លោក សម រង្ស៊ី គ្រោងប្រមូលកម្លាំងនៅក្រៅប្រទេសដើម្បីធ្វើសមាជមួយក្រោមរូបភាពជា «សន្និសីទពិភពលោកនៅទីក្រុង អាត្លង់តា សហរដ្ឋអាមេរិកនៅថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីកំណត់ទិសដៅយុទ្ធ សាស្ត្រនយោបាយក្នុងការស្តារលទ្ធិ ប្រជាធិបតេយ្យនៅកម្ពជា»។

ប្រភពដដែលបានឲ្យដឹងថា គណៈ កម្មាធិការរៀបចំសមាជ កំពុងរៀបចំរៃថវិកា ដោយកំណត់លក្ខខណ្ឌក្នុងម្នាក់ៗចំនួន ២០០ដុល្លារដើម្បីយកទៅរៀបចំសមាជ រយៈពេល២ថ្ងៃខាងមុខនេះ។ គេបានឲ្យ ដឹងទៀតថា គោលដៅនៃសមាជឬសន្និ សីទនេះ ដើម្បីយកសំឡេងគាំទ្រ សម រង្ស៊ីឲ្យឡើងដឹកនាំគណបក្សឡើងវិញជំនួស កឹម សុខា ។

ខណៈនេះ សម រង្ស៊ី ខ្លួនឯងដែលមាន ពិរុទ្ធភាព និងធ្លាប់បានប្រកាសលាលែង តំណែងពីប្រធានគណបក្សសង្គ្រោះជាតិដែលរលាយទៅហើយនោះ បានធ្វើយុទ្ធនាការប្រមូលសំឡេងដែលមាននិន្នាការគាំទ្រខ្លួន ដើម្បីទាត់ចោលលោក កឹម សុខា តាមរយៈយកហេតុផលថា កឹម សុខា នឹង គ្មានឱកាសមកដឹកនាំ ឬរកយុទ្ធវិធីនយោបាយយ៉ាងណាជំរុញឲ្យលោក កឹម សុខា នៅក្នុងឃុំឲ្យយូរ ។

កន្លងមក ដោយអស់ជំនឿ លោក ហុង លីម សកម្មជនប្រឆាំងនៅអូស្ត្រាលីធ្លាប់រិះគន់យ៉ាងចាស់ដៃថា បក្សប្រឆាំងបានរលាយក្រោមស្នាដៃលោក សម រង្ស៊ី ហើយ សម រង្ស៊ី ត្រូវតែផ្ទេរការដឹកនាំទៅកញ្ញា កឹម មនោវិទ្យា ជាកូនស្រីលោក កឹម សុខា។ ការដណ្តើមអំណាចហែកហួរក្នុងក្រុមអ្នកប្រឆាំងនេះកើតមានរាប់ឆ្នាំយ៉ាងរ៉ាំរ៉ៃរវាងក្រុម កឹម សុខា នឹងក្រុម សម រង្ស៊ី ។

ក្រុមអ្នកវិភាគលើកឡើងថា ការធ្វើ សមាជរបស់ក្រុមប្រឆាំងនៅដើមខែធ្នូ ឆ្នាំ២០១៨ខាងមុខ នឹងបង្ហាញឲ្យឃើញ កាន់តែច្បាស់ជាថ្មីទៀត ពីការបែកបាក់ រវាងអ្នកប្រឆាំងទាំងក្នុងនិងក្រៅប្រទេស ឥតឈប់ឈរ ពិសេសការដណ្តើមតួនាទីជាប្រធានដឹកនាំ។ អ្នកវិភាគដដែលលើក​ឡើងថា គេគ្មានជំនឿថាបក្សនេះនឹងមានភាពស្របច្បាប់អាចបំពេញការងារ ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសនោះទេ។ សម រង្ស៊ី ក្រោយពេលលាឈប់ពីបក្ស សង្គ្រោះជាតិក៏បានបង្កើតចលនាសង្គ្រោះជាតិក៏ប៉ុន្តែចលនានេះមិនទទួលបាន ជោគជ័យទេ ៕ ហេង សូរិយា


ចែករំលែក៖