ព័ត៌មានទាន់ហេតុការណ៍៖

បើកកង់បីច្រឡំផ្លូវត្រូវភ្ញៀវវាយមួយដបបែកក្បាលសង២០០ដុល្លារបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាអ្នកបើកម៉ូតូកង់បីឥណ្ឌា (PassApp) ត្រូវនារីជាភ្ញៀវ យកដកស្ប៉ាយវាយមួយដបបែកចិញ្ចើម ហូរឈាម គ្រាន់តែរឿងច្រឡំផ្លូវ និងមានទំនាស់ពាក្យសំដីគ្នា កាលពីម៉ោងជាងរំលងអធ្រាត្រ ឈានចូលថ្ងៃ អាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយ ផ្លូវព្រះសីហនុ ចំណុចស្តុបអូរឡាំពិច ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ក្រុងភ្នំពេញ ហើយនៅចុងក្រោយបញ្ចប់រឿងត្រឹមសងលុយ២០០ដុល្លារ ។

ជនរងគ្រោះមានឈ្មោះនៅ សុភ័ក្ត្រ អាយុ២៨ឆ្នាំ មុខរបរត់កង់បីឥណ្ឌា ស្នាក់នៅម្តុំផ្សារដេប៉ូ ខណ្ឌទួលគោក ។ ចំណែកនារីជាជនបង្ក ឈ្មោះគឹម ចាន់ធី អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅជិតគីរីរម្យ ខណ្ឌចំការមន ។

ប្រភពពីអ្នកបើកកង់បីបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានបើកកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GZ-6834 បានដឹកនារីពីរនាក់ចេញម្តុំឡាលីន ជិតផ្សារអូរឫស្សី គោលបំណងមកផ្សារអូរឡាំពិក ដោយបើកតាមផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលេច លុះមកដល់ស្តុបអូរឡាំពិក ស្រ្តីដែលជិះលើកង់បីនោះ ឲ្យទៅត្រង់ចូលផ្សារអូរឡាំពិក ស្រាប់តែនារីដែលបង្កបានស្រែកស្ដីឲ្យពាក្យសំដីអសុរោះ ហើយឲ្យគាត់បត់ត្រឡប់ក្រោយមកផ្ទះលេខ១៥ ជាប់ឡានក្រុង ខណៈមកដល់ចំណុចកើតហេតុ គាត់ក៏បានឈប់ហើយក៏ទាស់សំដីគ្នាមួយប៉្រាវទៀតប្រើពាក្យសំដី សុទ្ធតែអា ម៉ឹង ទៅវិញ ទៅមក ធ្វើឲ្យនារីជនបង្ក ខឹងដោយមានភាពស្រវឹងផងនោះ បានទាញដបស្ប៉ាយ ដែលដាក់ជាប់នឹងខ្លួនវាយមួយដប ចំចិញ្ចើមខាងឆ្វេងបណ្ដាលឲ្យបែកហូរឈាម។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ស្រាប់តែនារីម្នាក់ដែលជាបក្ខពួកបានគេចខ្លួនបាត់ នៅតែនារីបង្ក និងម្ចាស់កង់បីរងគ្រោះ ហើយសមត្ថកិច្ចបានឲ្យភាគីទាំងសងខាងទៅប៉ុស្តិ៍រដ្ឋាបាលវាលវង់ដើម្បីដោះស្រាយបញ្ចប់រឿង សំណង ចំនួន២០០ដុល្លារ ដោយស្រី្តបង្កសងទៅឲ្យម្ចាស់កង់បី៕ ជ្រោយពេជ្រ


ចែករំលែក៖