ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបានហើយក្រុមចោរឆក់យ៉ាងសកម្ម

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំពីលោកវរសេនីយ៍ឯក យឹក សារ៉ាន់ និងបានទទួលបទបញ្ជារពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាល រាជធានីភ្នំពេញ អោយធ្វើការបង្ក្រាបអោយបាន ចំពោះមុខសញ្ញាឆក់ដែល កើតឡើងក្នុងភូមិសាស្ត្រមុខប្រលានយន្តហោះពោធិ៍ចិនតុង ដែលធ្វើអោយភ្ញៀវបរទេស និងប្រជាពលរដ្ធមានការភ័យខ្លាច។

ក្នុងប្រតិបត្តិការបង្ក្រាបខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៤ល្ងាច​ថ្ងៃទី ៩ វិច្ឆិកា ២០១៨ នៅក្បែរវត្តកំពែង ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​។ ជនសង្ស័យទាំង២នាក់ខាងលើទី១មានឈ្មោះ តំ វិសាល ហៅអាតុង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងទី២មានឈ្មោះ ស៊ឹម សុវត្ថិ ហៅអាក្លិត អាយុ២០ឆ្នាំ មុខរបរមិនពិតស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកម៉ូតូធ្វើសកម្មភាពម៉ាក nex ពណ៍សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1GO-8540 ។

លោកយឹមសារ៉ាន់​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា​ ដោយសារតែកន្លងមកក្រុមជនសង្ស័យតែងតែធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពីប្រជាពលរដ្ឋនិងភ្ញៀវបរទេសជាញឹកញាប់​ ទើបលោកបញ្ជាកកម្លាំងតាមឃ្លាំមើលរហូតក៏បានឃើញមុខសញ្ញា ចេញមកបំរ៉ុងធ្វើសកម្មភាពទៀត ទើបកម្លាំងបានធ្វើការប្រដេញ ចាប់ប្រផាប់ប្រភីង ពីផ្លូវសហព័ន្ធរ៉ុស្សី ទៅមក រហូតឆ្លងកាត់រង្វង់មូលចោមចៅ ឡើងទីផ្លូវវេងស្រេង ឆ្ពោះទៅម្តុំផ្សារទួល ពង្រ ជនសង្ស័យក៏បានទម្លាក់គ្នាវា ចោលម្នាក់ ដើម្បីបន្លំភ្នែកសមត្ថកិច្ច តែទោះជាយ៉ាងណា សមត្ថកិច្ចបានចំណាំស្លាកលេខនិងភិនភាគម៉ូតូ ទើបកម្លាំងឃាត់បានជនសង្ស័យម្នាក់និងម៉ូតូមួយគ្រឿង។

លោកបានបន្តអោយដឹងទៀតថា បន្ទាប់ពីឃាត់បានភ្លាមៗ កម្លាំងបានយកមកប៉ុស្តិ៍ដើម្បីសួរនាំសួររកបក្សពួកបន្ថែម ទើបរូបលោកបានសុំគោលការពីលោក ស្នងការរាជធានីភ្នំពេញ និងព្រះរាជអាជ្ញា បន្តតាមចាប់បក្សពួកម្នាក់ទៀតកំពុងសង្ងំនៅក្នុងបន្ទប់ជួល មួយកន្លែងក្បែរនិងស្តុបទួលពង្រ។ ចំណែកបក្សពួក២នាក់ទៀត ដឹងខ្លួនបានរត់គេបាត់អស់។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖