ព័ត៌មានទាន់ហេតុការណ៍៖

ចន្ធី ដាឡែន តួឯករឿង ឆន្ទា ប៉ះអម្ពរទេវី លើកដំបូង

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តភាគទូរទស្សន៍រឿង ឆន្ទា ដែលល្បីជិតមួយឆ្នាំមកហើយនោះ បានត្រៀមចាក់បញ្ចាំងលើកកញ្ចក់ទូរទស្សន៍ក្នុងពេលដ៏ខ្លីខាងមុខនេះហើយដោយ តួឯកគឺតារាសម្តែងស្រីវ័យក្មេងកញ្ញា ចន្ធី ដាឡែន ។ តារាស្រីរូបនេះ នឹងប៉ះគ្នាជាមួយតារាសម្តែងជើងចាស់ល្បីឈ្មោះ អ្នកស្រី អម្ពរ ទេវី ក្នុងឈុតឆាកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន ។

ចូលប្រឡូកសិល្បៈបានរយៈពេលត្រឹម៤ឆ្នាំ តារាសម្តែង ចន្ធី ដាឡែនទទួលបានឱកាសថតភាពយន្តភាគនិងភាពយន្តខ្នាតធំមិនក្រោម១០រឿងនោះទេ ភាពយន្ត ដែលគេស្គាល់នាងច្រើនមានដូចជាភាពយន្តរឿង ចៅប្រសាក្លែងក្លាយ រឿង អាទិត្យវង្សាស៊ីសូរិយាវង្ស រឿង កែវភ្នែក រឿង ខ្ញុំម្នាក់នេះ ខ្ញុំម្នាក់នោះ ជាដើម ។

តារាស្រីរាងតូចច្រឡឹងរូបនេះទើបនឹងបានដំណែងតួជាថ្មីហើយអ្វី ដែលនាងរំភើបមិននឹកស្មាននោះគឺបានសម្តែងរួមជាមួយតារាស្រីជើងចាស់អ្នកស្រី អម្ពរ ទេវី ។ ដាឡែន បញ្ជាក់ថា ក្នុងភាពយន្តនេះនាងសម្តែងជាតួស្រី ដែលមានអត្តចរិកស្លូតបូត និងរងការធ្វើបាបខ្លាំងពីសំណាក់មនុស្សជាច្រើននៅក្នុងរឿងពិសេសពីសំណាក់ម្តាយក្មេកអ្នកស្រីផាដា ដែលសម្តែងដោយអ្នកស្រី អម្ពរ ទេវី តែម្តង ។

នាងថាភាពយន្តនេះនាងសម្តែងតួឯកជាមួយតួប្រុស លោក សេម ដែលមានសរុបចំនួន៤០ភាគ ដែលនាងលើកឡើងថាបានជួបការលំបាកមួយចំនួន ពិសេសត្រង់ឈុតឆាក ដែលនាងត្រូវរងការចោទប្រកាន់និងត្រូវបានគេយកទៅឃុំឃាំងក្នុងបន្ទប់ក្រោមដី ដែលជាទារុណកម្មប្រចាំគ្រួសារម្តាយក្មេក ។ ទោះមានការលំបាកខ្លាំង ប៉ុន្តែនាងពិតជាសប្បាយចិត្តខ្លាំងដែកលមានឱកាសសម្តែងរួមជាមួយអ្នកស្រីអម្ពរ ទេវី ដែលជាក្តីស្រមៃរបស់នាងជាយូរមកហើយ ។

នាងថាពីតូចធ្លាប់បានមើលភាពយន្ត ដែលសម្តែងដោយតារាជើងចាស់រូបនេះ ហើយបានដាក់ក្តីស្រមៃក្នុងការបានឈរជិត ឬសម្តែងរួមគ្នាជាមួយអ្នកស្រីហើយពេលនេះគឺសុបិន្តរបស់នាងបានក្លាយជាការពិត ។ នាងបានសរសើរអំពីអត្តចរិកលក្ខណៈរបស់អ្នកស្រី អម្ពរ ទេវី ថាជាមនុស្សរួសរាយរាក់ទាក់ ម៉ឺងម៉ាត់នឹងការងារ ជួយផ្តល់ដំបូន្មានល្អៗសម្រាប់សិល្បករជំនាន់ក្រោយ ហើយនាងក៏សរសើរខ្លាំងពីសមត្ថភាពសម្តែងដ៏ប៉ិនប្រសប់គ្រប់ឈុតឆាក ទាំងកាចឆ្នាសឆ្នើម និងកម្សត់ ដែលនាងក៏បានរៀនច្រើនពីករៀមច្បងល្បីឈ្មោះផងដែរ ។

ចន្ធី ដាឡែន រំពឹងថាស្នាដៃសម្តែងរួមគ្នាជាមួយតួឯកប្រុស លោក លេម ពិសេសអ្នកស្រីអម្ពរ ទេវី នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនជាក់ជាមិនខាន ។ នាង ក៏រំពឹងដែរថា អាចនឹងមានឱកាសសម្តែងរួមជាមួយតារាជើងចាស់រូបនេះនៅថ្ងៃខាងមុខផងដែរ ៕ វឌ្ឍនា


ចែករំលែក៖