ខេត្តកណ្ដាលៈ ក្រុមចោរប្លន់ប្រដាប់អាវុធ និងជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម២នាក់ ក្នុងចំនោមបក្ខពួក៣នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលបង្រ្កាប កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់ និងចាប់ខ្លួនបាន២នាក់ ទី១-ឈ្មោះ កែវ ក្រូច ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះ សយ យ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងជនសង្ស័យទី៣ដែលរត់គេចខ្លួនឈ្មោះ សយ ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ជនសង្ស័យទាំង៣នាក់មានទីលំនៅភូមិវែង ឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ក្នុងប្រតិបត្ដិការបង្រ្កាបខាងលើនេះផងដែរ សមត្ថកិច្ចឆែកឆេរ និងចាប់យកវត្ថុតាង កាំភ្លើងខ្លីម៉ាក CF98-9 លេខ 00498007236 គ្រាប់ចំនួន២០គ្រាប់ ,សំបកកាទូសចំនួន ០១ អាវុធឆ្នៃបាញ់គ្រាប់កាំកង់០២ដើម ,ជញ្ជីងថ្លឹងថ្នាំញៀន០១ ,ម្សៅពណ៌សថ្លាសង្ស័យថា សារធាតុញៀន ០៣កញ្ចប់ធំ ,ខោអាវប៉ារ៉ា ០១ កំផ្លេរ និងឧបករណ៍ប្រើប្រាស់សារធាតុញៀន មួយចំនួន ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សមត្ថកិច្ចជំនាញស្រុកទទួលបានព័ត៌មានច្បាស់ការថា ក្រុមជនសង្ស័យខាងលើកំពុងត្រៀមធ្វើសកម្មភាពប្លន់ ភ្លាមនោះកម្លាំងជំនាញសុំគោលការណ៍ពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល និងមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូង កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ២នាក់ និងឆែកឆេរបានរកឃើញវត្ថុតាងដូចបានរៀបរាប់ខាងលើ យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ កែវ ក្រូច បានឆ្លើយថា ខ្លួនធ្លាប់ឲ្យឈ្មោះ សយ ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ សយ យ៉ា ភេទប្រុស អាយុ២៤ឆ្នាំ អ្នកទាំង០២មានទីលំនៅភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើសកម្មភាពយកកាំភ្លើងម៉ាកCF98-9 របស់ខ្លួនទៅប្លន់យកបានម៉ូតូម៉ាក SERUS១គ្រឿង ក្នុងខែ១០ឆ្នាំ២០១៨ មិនចាំថ្ងៃ។
ចំពោះកាំភ្លើងខ្លី ខ្លួនបានទិញពីឈ្មោះ ល័ក្ខ ភេទប្រុស អាយុខ្ទង់២៨ឆ្នាំ បច្ចុប្បន្នកំពុងជាប់ពន្ធនាគារព្រៃស ទាក់ទងតាមទូរស័ព្ទចេញពីពន្ធនាគារ លក់(តម្លៃ២.០០០ដុល្លារ) ហើយគេប្រាប់ឲ្យខ្លួនទៅយកនៅទំនប់កប់ស្រូវ (ទិញដើមខែ០៨ ឆ្នាំ២០១៨) និងជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ នៅចំពោះមុខជនសង្ស័យមានដីកាចាប់ខ្លួនលេខ ០១០ ដ.ក.ប.ច ខ/១៧ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ចេញដោយលោក ចៅក្រម គឹម ម៉េង នៅថ្ងៃទី១០ វិច្ឆិការ ២០១៨ វេលាម៉ោង១១និង៣០នាទី កម្លាំងជំនាញស្រាវជ្រាវ ឃាត់ខ្លួនបានឈ្មោះ សយ យ៉ា នៅចំណុចភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ករណីនេះកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវ ចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ