ខេត្តកណ្ដាលៈ ម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ មួយគ្រឿង បើកបុកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៧ពេញមួយទំហឹង បណ្ដាលឲ្យម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៥ខ្ទាតចូលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងទៀត ធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូស៊េរីឆ្នាំ២០១៥ទទួលរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ រីឯអ្នកបើកបរម៉ូតូស៊េរីឆ្នាំ២០១៧២នាក់ទៀតរងរបួសធ្ងន់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិតាជោ ឃុំ សារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ ពៅ សុខហៃ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុក ល្វាឯម ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1P -3400 រីឯម៉ូតូភាគីម្ខាងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GF-2084 បើកបរដោយឈ្មោះ ហ៊រ សុបិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មរោងចក្រ មានទីលំនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម (ជាអ្នកបើកបររងរបួសធ្ងន់) និងម្នាក់ទៀតឈ្មោះ ឃុន សាវន់ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ (ជាអ្នករួមដំណើររងរបួសស្រាល) ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិកំចាតព្រាយ ឃុំភ្នំបាទ ស្រុកពញាឮ ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៨០ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ដែលបើកបរក្នុងទិសដៅច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរហុងដាឌ្រីមស៊េរីឆ្នាំ២០១៥ខ្ទាតទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងទៀត ធ្វើឲ្យអ្នកបើកបរម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥រងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យប្រតិបត្ដិស្រុកល្វាឯម រីឯអ្នកបើកបរម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៧ទទួលរងរបួសធ្ងន់ ចំណែកអ្នករួមដំណើរជាមួយរងរបួសស្រាល ។
ក្រោយពីសមត្ថកិច្ចជំនាញចរាចរណ៍ស្រុកទទួលបានព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍ ភ្លាមនោះសមត្ថកិច្ចជំនាញក៏បានចុះទៅដល់កន្លែងកើត រួចវាស់វែង និងកសាងឯកសារដកហូតយកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ