ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រខូចប្រព័ន្ធភ្លើងឈប់ ផ្លូវជាតិលេខ១ម៉ូតូចាប់ហ្វ្រាំងមិនទាន់បុក រងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកក្បាលហូរឈាមជោកខ្លួនដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ ខណៈដែលរថយន្ដកុងតឺន័រខូចប្រព័ន្ធភ្លើង ហើយឈប់ចតលើផ្លូវបែរមុខមកលិច ក៏ត្រូវម៉ូតូបុកពេញទំហឹងលាន់សូដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែត្រលេខ ១២២/១២៣ ស្ថិតក្នុងភូមិ ស្វាត សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសដែលរងរបួសធ្ងន់មានឈ្មោះ លុក សុវណ្ណារ៉ា អាយុ២៥ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ គយត្របែក សង្កាត់ គយត្របែក ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I ៤៣៦៥ ខូចខាតយយ៉ាងដំណំ ។

ប្រភពបន្តថា ចំណែកអ្នកបើក រថយន្ដកុងតឺន័រ ត្រូវបានស្គាល់ឈ្មោះធួន ថង ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ បើកបរក្រុមហ៊ុនតេងឡាយ រស់នៅភូមិ ត្រស់ ឃុំ តាលាស់ ស្រុក មោងឫស្សី ខេត្តបាត់ដំបង ។

បើតាមសាក្សីបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុមានរថយន្តកុងតឺន័រមួយគ្រឿងពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ ៣A ០៦៧៤ ស៊ឺមីរឺុម៉កពាក់ស្លាកលេខ ភ្នំពេញ ៤A ១៥៥០ ដោយខូចប្រព័ន្ធភ្លើង ហើយឈប់បែរមុខមកទិសខាងលិច ផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែតលេខ ១២២/១២៣ ស្របពេលនោះ ស្រាប់តែមានម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I ៤៣៦៥ បើកបរពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ ក៏បុកគ្នាពេញទំហឹងតែម្ដង ។

ក្រោយមក អ្នកភូមិបានរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋានយកជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងវាស់វែង អូសយយកមធ្យោបាយទាំង២គ្រឿង មករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ៕ យឹម សុថាន


ចែករំលែក៖