ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលត្នោតជុំបានអះអាង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្ត ១គ្រឿងម៉ាក FRONTEA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AV 8684 បានបុកឃឿនស្ពានថ្មក្រឡាប់ច្រើនត្រឡប់ បន្តបុករះរបងប៉ុស្តិ៍នគរបាលត្នោតជុំ និងដាច់ដងទង់ជាតិដូចគេកាត់ស្មានថាគេថតរឿងហូលីវូដ ។
នគរបាលខាងលើបន្តថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤ ទៀបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧០.១៧០.១៧១ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលត្នោតជុំដដែលខាងលើបន្តទៀតថា អ្នកបើកបររថយន្តបង្កហេតុឈ្មោះ ឌី យ៉ាម៉ង់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត និងអ្នករួមដំណើរទី១ ឈ្មោះ ម៉ុក សាម៉ន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ និងទី២ ឈ្មោះ ប្រាក់ ម៉ៅ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បនបុកឃឿនស្ពានថ្មក្រឡាប់ខាងលើ រស់នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៏ ខេត្តកំពង់ឆាំង ភ្លាមៗនោះជនរងរបួសត្រូវបានគេបញ្ជូនទៅសង្រ្គោះ រីឯវត្ថុតាងរថយន្តរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្នោតជុំ៕ ប៉ឹម ពិន