ខេត្តពោធិ៍សាត់៖ នគរបាលប៉ុស្តិ៍រដ្ឋបាលផ្ទះរុង រាយការណ៍ថា មន្រ្តីនគរបាលនិវត្តន៍ជនម្នាក់បានស្លាប់យ៉ាងអាណោចអាធម័ ដោយសារតែការកាប់ដើមឈើ ១ដើមធំនៅក្បែរផ្ទះក៏ដួលរលំសង្កត់ ខណៈជនរងគ្រោះទៅសួរសុខទុក្ខឪពុកក្មេកឈឺ ហើយឪពុកក្មេកបានប្រើឲ្យកាប់ដើមឈើ ១ដើមធំនៅក្បែរផ្ទះខាងលើនោះ។
ប្រភពពីនគរបាលប៉ុស្តិ៍ខាងលើបន្តថា ហេតុការណ៍នេះ បានភ្ញាក់ផ្អើលវេលាម៉ោង២និង ៣០នាទី រសៀល ថ្ងៃអាទិត្យ ៤កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចដើមឈើក្បែរផ្ទះឪពុកក្មេក ស្ថិតក្នុងភូមិ.ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពដដែលបន្តទៀតថា ជនរងគ្រោះ ឈ្មោះ អ៊ូ ណូត ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។ ក្រោយពិនិត្យរួចរាល់ មន្រ្តីជំនាញបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន