ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវនគរបាលឃាត់ខ្លួន ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈក្មេងស្រីអនិតិជនតែមិនបានសម្រេច ខណៈទៅពួនសម្ងំក្នុងបន្ទប់ក្មេងស្រីដល់ជាងពាក់កណ្តាលអធ្រាត្រ ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១ និង២០នាទីយប់ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិល្វា ឃុំ- ស្រុក ពញាឮ ខេត្តកណ្តាល ។
មន្រ្តីនគរបាលស្រុកពញាឮ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ វ.ស.ណ អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។ ចំណែកជនសង្ស័យ ឈ្មោះសេង ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើជាមួយក្មេងស្រីរងគ្រោះផងដែរ ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅយប់ថ្ងៃកើតហេតុ ជនសង្ស័យ បានយកសត្វឆ្កែមួយក្បាលទៅផ្ទះរបស់ជនរងគ្រោះ ដើម្បីធ្វើម្ហូបក្លែម ជាមួយបងថ្លៃជនរងគ្រោះ។ ក្រោយផឹកស៊ីស្រវឹងរៀងខ្លួន ជនសង្ស័យ បានឡើងទៅលើផ្ទះរបស់ក្មេងស្រីរងគ្រោះដោយ ពួនសំងំនៅបន្ទប់ដេកយ៉ាងយូរ ។ ក្នុងពេលដែលជនរងគ្រោះដេក ជាមួយប្អូនស្រីយ៉ាងស្កប់ស្កល់រហូតដល់ម៉ោងខាងលើ ស្រាប់តែ ជនសង្ស័យបានយកដៃស្ទាបអង្អែលរាងកាយក្មេងស្រីជនរងគ្រោះ បំណងរំលោភសេពសន្ថវ: តែចៃដន្យប្អូនស្រីជនរងគ្រោះ ដែលដេកជាមួយភ្ញាក់ឃើញទាន់ ក៏បានស្រែកហៅឪពុកម្តាយដែលដេកនៅខាងមុខឲ្យជួយ។ ភ្លាមនោះឪពុកម្តាយ និងបងប្អូនជនរងគ្រោះ បានស្ទុះទៅចាប់ឃាត់ខ្លួនជនសង្ស័យបាន រួចទូរស័ព្ទប្តឹងមកកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ឲ្យចុះទៅនាំខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីតែម្តង៕ស្អាងជ័យ