ខេត្តឧត្តរមានជ័យ៖ មន្រី្តយោធា នៃមូលដ្ឋានសឹកអន្លង់វែងកាលពីពេលថ្មីៗនេះ រងការចោទថា បានបើកភ្លើងខៀវឲ្យពលករចូលទៅកាប់ឈើប្រណីតក្នុងដីទឹកដីថៃ យកមកលក់ឲ្យខ្លួន ។
តាមសេចក្ដីរាយការណ៍ថា ក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង តាមផ្លូវយុទ្ធសាស្រ្តព្រំដែនខ្មែរ-ថៃ ដោយមានការត្រូវរ៉ូវគ្នាជាមួយលោកវរៈសេនីយ៍ត្រី ភោគ ភន មេបញ្ជាការយោធាសឹករងស្រុកអន្លង់វែង បានបើកឲ្យមានការចូលទៅកាប់ឈើប្រណីតក្នុងដីថៃ ។
ថៅកែដែលតែងតែដាក់ទុនឲ្យពលករឆ្លងដែនទាំងនោះ ត្រូវគេស្គាល់ឈ្មោះ អ៊ុំ សុខា (ហៅង៉ែត) និងឈ្មោះ វិត ។ អ្នកទាំងពីរជាមេបញ្ជារការរងយោធាសឹករងស្រុកអន្លង់វែង ។
ប្រភពថា ជាក់ស្តែងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានរថយន្តមួយគ្រឿងម៉ាកនីសាន់ពណ៌ត្រីអ៊ី បានចូលទៅភូមិសាស្រ្តខាងលើ ដើម្បីប្រមូល និងដឹកជញ្ជូនឈើប្រភេទ បេង និងធ្នង់ យកមកស្តុកទុកនៅទីរួមស្រុកអន្លង់វែង ដែលជាទីសំចតចុងក្រោយ មុននឹងបញ្ជូនចេញទៅកាន់ទីផ្សារ ។
ជុំវិញករណីនេះ ក្រុមការងាមិនអាចសុំការបំភ្លឺពីលោកអនុសេនីយ៍ឯក អ៊ុំ សុខា (ហៅង៉ែត) មេបញ្ជាការរងយោធាសឹករងស្រុកអន្លង់វែងបានទេ។ ចំណែកលោក វិត បានឲ្យដឹងតាមទូរស័ព្ទ ថា ពិតមានការដឹកជញ្ជូនឈើពីចំណុចខាងលើមែន ដោយលោកខ្ចីរថយន្តលោក អ៊ុំ សុខា (ហៅង៉ែត) ដើម្បីដឹក ។ តែជាប្រភេទឈើត្រសេកទេ ។ ដោយឡែក លោកវរៈសេនីយ៍ត្រី ភោគ ភន មេបញ្ជារការយោធាសឹករងស្រុកអន្លង់វែង ក៏មិនអាចសុំការបកស្រាយបានដែរ ។
តែយ៉ាងណាក៏ដោយ លោកឧត្តសេនីយទោ តុន ញាណ មេបញ្ជារការសឹករងខេត្តមានជ័យ បានឲ្យដឹងថា រឿងហ្នឹងលោកអត់បានដឹងទេ តែលោក នឹងស្រាវជ្រៀវ៕ ប៉ែន នួន