ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសណ្តោងរ៉ឺម៉កបើកឆ្លងផ្លូវត្រូវម៉ូតូបុក របួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ ពីរនាក់ប្តី និងប្រពន្ធជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុក ម៉ូតូណ្តោងរ៉ឺម៉ក ខណៈបើកឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់សន្លប់ឈឹងនៅកន្លែង កាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ក្រុងភ្នំពេញ ។

ជនរងគ្រោះពីរនាក់ប្តី-ប្រពន្ធ ប្តីឈ្មោះ ឃិន សាមឿន អាយុ៣១ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតភូមិត្រាំខ្នា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំណែកប្រពន្ធឈ្មោះ សោម ស្រីល័ក្ខ អាយុ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតភូមិ ស្នួល ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ទាំង២នាក់ស្នាក់នៅ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូសណ្តោងរ៉ឺម៉ក បានបើកឆ្លងផ្លូវ ពីលិចទៅកើត ហើយមានមនុស្ស២នាក់ផ្សេងទៀត មកឈរសម្រួលចរាចរណ៍ ដើម្បីឲ្យរ៉ឺម៉កឆ្លងផ្លូវសិន ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ZOOMER X ពណ៌ក្រហម ស ពាក់ស្លាកលេខ ភ្នំពេញ 1GG-3597 ជិះពីរនាក់ប្តីប្រពន្ធ ជិះឌុបគ្នា ក្នុងទិសដៅពីជើងទៅត្បូងដែរនោះ ល្បឿនលឿន សរសៀតាម ប្រឡោះរថយន្ត ដែលកំពុងឈប់ចាំនោះ ក៏ជ្រុលទៅបុកចូលក្រោមរ៉ឺម៉កតែម្តង បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកឯ ម៉ូតូ និង រ៉ឺម៉ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖