ភ្នំពេញ៖ ប្រជាពលរដ្ឋនៅខណ្ឌសែនសុខ ស្នើឲ្យអាជ្ញាធរ ជួយលប់បំបាត់បញ្ហាគ្រឿងញៀន ចោរលួច ចោរឆក់ ចោរប្លន់ ក្មេងទំនើង បញ្ហាល្បែងស៊ីសង បញ្ហាសំរាម និងបន្ដជួយសាងសង់ លូ ផ្លូវ ភ្លើង ទឹក ប្រជាពលរដ្ឋនៅខណ្ឌសែនសុខ បានស្នើសុំឲ្យអាជ្ញាធរជួយបែបនេះ ខណៈ ពួកគាតចូលរួម នៅក្នុងវេទិកាសាធារណៈ នៅខណ្ឌ សែនសុខ កាលពីថ្ងៃអង្គារ៏៦កើត ខែកត្ដិក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ ២០១៨ ដើម្បីឲ្យអាជ្ញាធរ មូលដ្ឋានលើកយកសំណើរនោះ ទៅបានដោះស្រាយ និងពិភាក្សា ស្វែងរកដំណោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋបានភ្លាមៗ ធ្វើយ៉ាងណា ឲ្យសមស្របតាម កម្មវិធី វិនិយោគបីឆ្នាំរំកិល រាជធានីភ្នំពេញ (២០១៨-២០១៩) និងសកម្មភាពជាអតិភាព របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ។
នៅក្នុងវេទិកានេះ ត្រូវបានរៀបចំដោយ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ព្រមជាមួយ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានមួយចំនួន ដោយក្នុងនោះ ប្រជាពលរដ្ឋ បានបង្ហាញ នូវក្តីកង្វល់ សំណើរ និងសំណូមពរ បញ្ហាប្រឈមជាច្រើន បើទោះពីកន្លងមកនេះ អាជ្ញាធរ បានដោះស្រាយជូន ជាបន្តបន្ទាប់ យ៉ាងណាហើយក្តីនោះ ។
លោកម៉ប់ សារិន បានបញ្ជាក់ថា៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ មកពីខ្វះការប្រុងប្រយ័ត្ន មិនគោរពច្បាប់ចរារណ៍ បើកបរគ្មានពាក់មួកសុវត្ដិភាព នាំឲ្យមានការបាត់បង់អាយុជីវិត និងខូតខាតទ្រព្យសម្បត្តិ នៅមានកំរឹតខ្ពស់នៅឡើយ ។ ចំណែកការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ស្ពាន ស្ពានអាកាស មណ្ឌលសុខភាពសាធារណៈ ការប្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅតែជាបញ្ហា ដែលត្រូវយកចិត្តតុកដាក់ និងបន្តធ្វើព្រមទាំងសេវា ប្រមូលសំរាម កំពុងត្រូវបានពង្រឹង ក្នុងការអនុវត្ត ជាបន្តបន្ទាប់ក៏ដោយ ក៏បញ្ហាប្រឈមទាំងនេះ ទាមទារ អោយមានការចូលរួម យ៉ាងសកម្ម ពីប្រជាពលរដ្ឋ សង្គមស៊ីវិល និងវិស័យឯកជន អោយបានច្រើនជាងនេះ ។
ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ ប្រជាពលរដ្ឋ ដែលនៅក្នុងវេទិកាសាធារណៈ មួយចំនួនធំ បន្តស្មើសុំ នូវការកសាងផ្លូវ ប្រព័ន្ធ លូ ជូនដល់ពួកគាត់ ដែល់កន្លងមក លោកអភិបាលរាជធានី ក៏ដូចជាអភិបាលខណ្ឌ បានកសាងជូនពួកគាត់ខ្លះៗមកហើយ នៅឡើយកន្លែងមួយចំនួន ក្នុងមូលដ្ឋានខណ្ឌសែនសុខ ដែលនៅខ្វះប្រពន្ធលូ និងផ្លូវ ដោយឲ្យតែមានភ្លៀងធ្លាក់ម្តងៗ តែងតែនៅសល់ទឹកដក ពិបាកក្នុងការធ្វើដំណើរ ។ ក្នុងនោះ នៅមានសហគមន៍មួយចំនួន សំណូមពរ អោយអភិបាលរាជធានី ពិនិត្យទៅលើលទ្ធភាព ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិពេញលេញ ជូនពួកគាត់ ។
ឆ្លើយតបនឹងសំណូមពរទាំងឡាយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានទទួលយក នូវសំណូមពរ និងការស្នើសុំទាំងអស់ ដោយមានសំណូមពរខ្លះ អាចដោះស្រាយបាន ត្រូវបានដោះស្រាយភ្លាមៗផងដែរ និងសំណូមពរមួយចំនួន ត្រូវការការពិភាក្សា ក៏ដូចជាសិក្សាជាក់ស្តែង និងបញ្ចូនមកអភិបាល រាជធានីភ្នំពេញ ដើម្បីពិនិត្យនិងសម្រេច ថាត្រូវដោះស្រាយជូន តាមរបៀបណា និងពេលណា ជូនដល់ប្រជាពលរដ្ឋ ។ នៅក្នុងនោះដែរ បើតាមការឆ្លើយតប របស់លោកអភិបាល ខណ្ឌសែនសុខ ឃើញថា ការស្នើសុំ ពាក់ព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធ ភាគច្រើន ត្រូវបានលោកអភិបាលខណ្ឌ ឲ្យដឹងថាសុទ្ធតែស្ថិតក្នុង គម្រោងដែលបានអនុម័ត្ត ដោយគ្រាន់តែ ត្រូវការសិក្សារៀបចំ ចាប់ផ្តើមសាងសង ក្នុងពេលណាមួយឆាប់ៗនេះតែប៉ុណ្ណោះ៕ សំរិត