ខេត្តសៀមរាប៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបចុះបង្ក្រាបទីតាំងលក់គ្រឿងក្រអូបយីហោ សុខ បញ្ញាពេជ្រ ពីបទបើកគ្មានច្បាប់ទម្លាប់ និងលក់ផលិតក្លែងក្លាយ(ឡេលាយ)។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨តាមបណ្តោយផ្លូវជាតិលេខ០៦ខាងលិចផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ការចុះបង្ក្រាបនេះគឺក្រោមការដឹកនាំផ្ទាល់ពីសំណាក់លោកជួន សុបញ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ាស្នងការរងនគរបាលខេត្តទទួលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមនិងកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត សហការជាមួយមន្ទីរសុខាភិបាលខេត្តសៀមរាប ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។
លោកបន្តថាការចុះបង្ក្រាបទីតាំងគ្រឹះស្ថាន លក់គ្រឿងក្រអូបយីហោ សុខ បញ្ញាពេជ្រ ដែលមានម្ចាស់ឈ្មោះជា ដារ៉េត ភេទប្រុស អាយុ៣៥ឆ្នាំនេះគឺយើងបានស្រាវជ្រាវរកឃើញទីតាំងខាងលើនេះ បើកគ្មានច្បាប់ទម្លាប់ និងលក់ផលិតក្លែងក្លាយ។លោកបន្តថា វត្ថុតាងដកហូតរួមមានឡេលាយ គ្មានច្បាប់ទម្លាប់ចំនួន ១១មុខស្មើនិង១៧០៦ប្រអប់។
លោកបន្តថា ចំពោះម្ចាស់ទីតាំងឈ្មោះជា ដារ៉េត កម្លាំងលោកបាននាំខ្លួនទៅសាកសួរនៅស្នងការខេត្តបន្ថែមទៀត ដើម្បីស្រាវជ្រាវរកអ្នកផលិតឡេក្លែងក្លាយទាំងនេះយកផ្តន្ទាទោសតាមផ្លួវច្បាប់និងត្រូវបានពិន័យអន្តរកា ចំនួន ៤លានរៀល ដោយមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត ដោយអនុលោមទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ៕ ប៊ុនរិទ្ធី