ភ្នំពេញ ៖ គ្រឿងមាស និងផ្លាកទីន បើកគិតជាទឹកប្រាក់ប្រមាណជាង៥០ម៉ឺនដុល្លារ ត្រូវក្រុមចោរនាំគ្នាគាស់យកទៅបាត់ដោយសុវត្ថិភាព នៅតូបលក់គ្រឿងមាស និងផ្លាកទីនដែលមានយីហោ «ហាងមាសផ្លាកទីន »នៅផ្សារសាមគ្គី លុះព្រឹកឡើងពេលម្ចាស់ទៅបើកទ្វារលក់ដូរទើបបង្កការភ្ញាក់ផ្អើល ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចតូបលក់គ្រឿងមាស និងផ្លាកទីនដែលមានយីហោ «ហាងមាសផ្លាកទីន » មានលក់គ្រឿងអលង្ក័ការគ្រប់ប្រភេទ ដែលតូបលេខ៥១AB (តង់៣AB) ស្ថិតនៅផ្សារសាមគ្គី ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ម្ចាស់ហាងឈ្មោះ ជា ធឿន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាអ្នកលក់មាស និងផ្លាកទីន ។
តាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះជា ធឿន បានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង៨ព្រឹក រូបគាត់បានមកបើកតូបរបស់ខ្លួន ដើម្បីលក់ដូរដូចសពដង ស្រាប់តែប្រុងចាក់សោទ្វារតូបឃើញគ្មានសោ ក៏បើកទ្វារមើលបាត់គ្រឿងមាស និងផ្លាកទីន អស់រលឹងទៅហើយនិងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យជាក់ស្តែងតែម្តង ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះស្រាវជ្រាវ និងធ្វើការស៊ើបអង្កេតភ្លាមៗព្រោះទីតាំងផ្សារសាមគ្គីខាងលើនេះក៏មានសន្តិសុខយាមការពាររាល់ថ្ងៃ ហេតុអ្វីក៏មានករណីនេះកើតឡើង ហើយជនរងគ្រោះបានបញ្ជាក់ថា គ្រឿងមាស និងផ្លាកទីន ដែលត្រូវក្រុមចោរគាស់យកទៅបាត់ដោយសុវត្ថិភាពនោះ បើកគិតជាទឹកប្រាក់ប្រមាណជាង៥០ម៉ឺនដុល្លារអាមេរិក ។
ដោយឡែកមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ករណីគាស់តូបលក់គ្រឿងមាសខាងលើនេះ បន្ទាប់ពីសមត្ថកិច្ចចុះទៅត្រួតពិនិត្យមើលជាក់ស្តែងឃើញថា មានស្នាមគាស់ខាងក្រោយតូប ប៉ុន្តែនៅទ្វារខាងមុខពុំឃើញមានកាច់សោរទ្វារនោះទេ ហើយក្រុមជនសង្ស័យបានប្រមូលយកតែគ្រឿងមាសនិងផ្លាកទីន ចំណែកគ្រឿងត្បូងចំនួននៅដដែល ហើយចំនួនទឹកប្រាក់មិនទាន់ដឹងថាអស់ប៉ុន្មាននោះ បច្ចុប្បន្នសមត្ថកិច្ចកំពុងយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវស្នាមក្រយៅដៃជនសង្ស័យទាំងអស់នោះ ដើម្បីកំណាត់មុខសញ្ញាតាមចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ។
គួរបញ្ជាក់ផងដែរថា កន្លងមកនៅក្នុងផ្សារសាមគ្គីនេះ ត្រូវបានបំពាក់កាមេរ៉ាសុវត្ថិភាពពេញផ្សារផងដែរ តែបច្ចុប្បន្ននេះប្រធានផ្សារដែលទើបនិងចូលមកកាន់ដំណែងថ្មី បានមិនមានបើកភ្លើងបំភ្លឺនោះទេ ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានហៅលោកប្រធានផ្សារ និងក្រុមសន្តិសុខដែលប្រចាំការយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកំណត់មុខសញ្ញាផងដែរ ហើយក្រុមសន្តិសុខបានប្រាប់សមត្ថកិច្ចថាពួកគាត់យាមតែខាងក្នុងទេ ចំណែកខាងក្រៅគឺមិនទទួលខុសត្រូវឡើយ ៕ស តារា