ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ដជែងមិនប្រយ័ត្នជ្រុលទៅប៉ះម៉ូតូមួយគ្រឿងបើកនៅខាងមុខបណ្ដាលឲ្យរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ រថយន្ដមួយគ្រឿងបើកបន្ថែមល្បឿនជែងរថយន្ដមួយគ្រឿងទៀតនៅខាងមុខ បណ្ដាលឲ្យជ្រុលចង្កូតទៅប៉ះម៉ូតូបើកស្របទិសគ្នាធ្វើឲ្យរងរបួសធ្ងន់២នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៧និង១០នាទី លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ២១-២២ ស្ថិតក្នុងភូមិក្រោម ឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា រថយន្ដបង្កម៉ាកនីសាន់ ពណ៌ស ធុនធំប្រភេទបែន ពាក់ស្លាកលេខភ្នំពេញ 3C-3251 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ក់ ទ្រី ភេទប្រុស អាយុ៦៦ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកសង់កូរ៉េ ធុនសេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខកំពង់ធំ 1A-3392 រួមដំណើរជាមួយឈ្មោះ យី យាន ភេទស្រី អាយុ៧០ឆ្នាំ មានទីលំនៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្ដនីសាន់ ប្រភេទបែនខាងលើ បើកតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុរថយន្តនីសាន់ខាងលើបានបន្ថែមល្បឿនជែងរថយន្ដមួយគ្រឿងទៀតបើកនៅខាងមុខ ដោយពុំប្រយ័ត្នបានជ្រុលទៅបុកម៉ូតូមួយគ្រឿងបើកនៅខាងមុខ បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូដួលបោកទៅនឹងផ្លូវទទួលរងរបួសធ្ងន់ទាំង២នាក់ រីឯអ្នកបើកបររថយន្ដបានទុករថយន្ដចោលរួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ស្រុក ចុះធ្វើការវាស់វែងនិងកសាងឯកសារដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖