ព័ត៌មានទាន់ហេតុការណ៍៖

មេគយ កាំង លាង បង្ខំអោយឈ្មួញ, ក្រុមហ៊ុនដឹកទំនិញ, បង់លុយក្បាលឡាន និងបង់ប្រចាំខែ

ចែករំលែក៖

ខេត្តព្រៃវែង៖ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង លោក កាំង លាង រងនូវការរិះគន់ពីមជ្ឈដ្ឋានអ្នករកសុី ក្នុងករណីគាត់បានប្រើវប្បធម៍ការងារតាមទម្លាប់ កៀបសង្កត់ បង្ខំអោយឈ្មួញបង់ប្រាក់ គិតជាក្បាលឡាន គិតជាខែ គ្រប់ឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ និងផ្លូវជាតិ៨ ដោយគាត់ប្រើមធ្យោបាយដោយយកអំណាចឥទ្ធិពល ក្នុងនាមខ្លួនមានតួនាទីភារកិច្ច ទប់ស្កាត់ បង្ក្រាបទំនិញរត់ពន្ធ ការប្រមូលពន្ធ ទៅឆក់យកសេដ្ឋកិច្ចសម្រាប់បុគ្គលខ្លួនឯង បក្ខពួក និងរកប្រភពសេដ្ឋកិច្ចពុករលួយមួយចំនួនធំទៀត ត្រូវយកទៅបំពេញតម្រូវការថ្នាក់លើ។

ដូច្នេះដើម្បីបានលុយពីឈ្មួញក្រៅវិក័យបត្របង់ពន្ធចូលរដ្ឋ គឺលោក កាំង លាង រកគ្រប់វិធីសាស្ត្រ ក្នុងន័យគម្រាម «បើមិនបង់លុយគឺចាប់ ឬឆែកឆេរ» សំដៅរំខានឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូន ខណៈគាត់បានក្តោបព័ត៍មានជុំ ស្គាល់ពីក្រយ៉ៅ មុខឈ្មួញរកសុីគេចពន្ធ បង់ពន្ធមិនគ្រប់ បង់ពន្ធក្លែងភេទទំនិញ ពីទំនិញនាំចូលបង់ពន្ធខ្ពស់ មកបង់ពន្ធទាប ហើយបង់មិនគ្រប់ចំនួនថែមទៀត, ទំនិញបង្កប់ ពិសេសទំនិញគេចពន្ធបង្កប់តាមឡានក្រុងនេះជាដើម។

ឈ្មួញបានរៀបរាប់ត្រួសៗថា៖ ករណីបង់លុយអោយលោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង គឺបង់អោយខាងសាខា ផង បង់អោយខាងគយចល័ត ក្រោមការគ្រប់គ្រងរបស់លោក កាំង លាង ផង ទើបអាចដំណើរការដឹកជញ្ជូនលោតឆ័ត្របាន បង់ពន្ធខ្លះ គេចពន្ធខ្លះ ទំនិញបង្កប់ខ្លះ ។ ក្នុងនោះលោក កាំង លាង បែកចែកឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនជា២ប្រភេទ៖ ទី១-បើឈ្មួញមានបុណ្យស័ក្តិយស មានសែទុយោ មានអ្នកធំផ្តាំផ្ញើ លោក កាំង លាង អោយបង់តែក្បាលឡានទេ ដោយ១ឡានយក១៥០ដុល្លារ ទៅ២០០ដុល្លារ ឬពី២៥០ដុល្លារ-៣០០ដុល្លារ។ ទី២-បើជាឈ្មួញ, ក្រុមហ៊ុនដឹកជញ្ជូនធម្មតា គឺលោក កាំង លាង តម្រូវអោយបង់១ឡាន យក១៥០ដុល្លារ ទៅ២០០ដុល្លារ ឬពី២៥០ដុល្លារ-៣០០ដុល្លារ និងបង់ប្រចាំខែបន្ថែម ក្នុង១ខែចាប់ពី៥០០០ដុល្លារ ទៅ១០០០០មុឺនដុល្លារ ។ ក្រៅពីបង់របៀបនេះ លោក កាំង លាង ក៏បង្ខំអោយឈ្មួញបង់បន្ថែមមួយជាន់ទៀតទៅខាងគយចល័តក្រោមការគ្រប់គ្រងរបស់គាត់។ ដោយឡែកឡានក្រុងរាប់សិបក្រុមហ៊ុនដឹកអ្នកដំណើរពីកម្ពុជា-វៀតណាម គ្រប់ក្រុមហ៊ុនគឺលួចបង្កប់ទំនិញគេចពន្ធទាំងអស់ មានជាសំលៀកបំពាក់(ប្រេន) គ្រឿងអេឡិចត្រូនិក ម៉ាសុឺន ប្រេងម៉ាសុឺន សត្វក្រួច ។ល។ ពួកគេត្រូវបង់លុយអោយលោក កាំង លាង ប្រចាំខែជាក្បាលឡាននិមួយៗ ទៅតាមក្រុមហ៊ុនមានឡានតិចឬច្រើន។

ចំពោះទំនិញវិនិយោគនាំចូល ដែលពន្ធអាករ ជាបន្ទុករបស់រដ្ឋ មានជាម៉ាសុឺន ម៉ាសុឺនដេរ កំណាត់ សម្រាប់យកមកដំណើរការអោយវិស័យក្រុមហ៊ុនកាត់ដេរ ក៏លោក កាំង លាងបង្ខំអោយបង់លុយ១ឡាន២០ដុល្លារផងដែរ។

ករណី លោក កាំង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង បានជាប់ពាក់ព័ន្ធ និងអំពើពុករលួយយ៉ាងជ្រៅ ខណៈទឹកបាក់ទំនប់ស្រេកឃ្លាន និងផលប្រយោជន៍ លាភសក្ការៈ និងស្របពេលមេអង្គភាពក៏ត្រូវការអោយកូនចៅបន្តក់ ឬឆ្ងាញ់ និងលុយខ្មៅនេះ ក៏មានមន្ត្រីគយខ្លះលើកឡើងថា៖ លោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង កំពុងមានមោទនភាព និងការបានលុយដោយការងារទម្លាប់ ប៉ុន្តែអំពើពុករលួយនេះអាចឈានដល់វិនាស ឬគ្រោះថ្នាក់ដល់តំណែង ប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងប៉ះពាល់ដល់ថ្នាក់លើ ក្នុងសម័យកំណែរទម្រង់រដ្ឋបាលសុីជម្រៅនៃប្រទេសគ្រប់គ្រងដោយច្បាប់នេះ។ ពួកគាត់បន្តថា៖ បច្ចុប្បន្នបញ្ហាលុយ គឺថ្នាក់លើចាំបាច់ត្រូវទទួលយក មិនមែនហោប៉ៅចុះក្រោមទេ ប៉ុន្តែដល់មានរឿងបែកពាងប្រហុក ស្អុយឈ្មោះ និងរឿងអំពើពុករលួយ ប្រាកដណាស់ថា មេខាងលើមិនព្រមទទួលយករឿងទេ បានន័យថា៖ (សក់អ្នកណា ក្បាលអ្នកហ្នឹង) នេះជាទម្លាប់ពីមុនទុកដល់បច្ចុប្បន្នកាល។

ពាក់ព័ន្ធករណីលោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង យកលុយក្បាលឡាន អោយឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូនបង់លុយប្រចាំខែ ផ្ទុយពីគោលការណ៍ណែនាំលោកបណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋាន គយ និងរដ្ឋាករ កម្ពុជា នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកមិនបានធ្វើអត្ថាធិប្បាយឬបកស្រាយអ្វីទេ តាមទូរស័ព្ទជាមួយអង្គភាព «នគរវត្ត» លោកបានបញ្ជាក់យ៉ាងខ្លីថា៖ ខាងណា..មានការអី ..ចង់ដឹងពីអី ..ខ្ញុំគ្មានពេលទំនេរជាមួយលោកឯងទេ…!!! រួចក៏បិទទូរស័ព្ទតែម្តង។

គួរម្លឹកថា៖ លោកបណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋាន គយ និងរដ្ឋាករ កម្ពុជា មេត្តាពិនិត្យការងារគ្រប់គ្រងដោយលោក កាំង លាង គាត់ចាំបាច់ប្រើប្រាស់ជនសុីវិលក្លែងបន្លំជាគយចាំយកលុយឈ្មួញ ឬត្រូវប្រើមន្ត្រីគយពិតប្រាកដ ខ្លាចគេតាមប្រម៉ាញ់ដឹង..? ៕ សុខ ខេមរា

មេគយ កាំង លាង និងឡានដឹកទំនិញគេចពន្ធ

 

 


ចែករំលែក៖