ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ជើងម្ខាង នៅលើកំណាត់ផ្លូវលំ ក្រាលក្រួសក្រហម ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកគូថរថយន្តដឹកទឹកកក ដែលករណីនេះ ត្រូវបានគេសង្ស័យអាចបណ្ដាលមកពីដីហុយខ្លាំងពេក មើលរថយន្តមិនឃើញ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧ និង០៥នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលំក្រាលក្រួសក្រហម ស្ថិតក្នុងភូមិទួអណ្ដែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា មុនដំបូងគេឃើញបុរសម្នាក់ឈ្មោះ ម៉ៃ សុិមុត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកណ្ដាល ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរ (បុគ្គលិកហត្ថាកសិករ) ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1D 5101 ។ លុះដល់ចំណុចកើតហេតុបានបុកគូថរថយន្តពេញទំហឹង បណ្ដាលឲ្យរងរបួសបាក់ជើងម្ខាងយ៉ាងធ្ងន់ធ្ងរ ។
បភពព័ត៌មានខាងលើបន្តទៀតថា រថយន្តដឹកទឹកកកម៉ាក ហុីយ៉ាន់ដាយ ក្បាលពណ៌ខៀវ លាយក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ សុក ជាង ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ករណីនេះជនរងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងរថយន្ត និងម៉ូតូរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរងចាំធ្វើការវាស់វែង និងដោះស្រាយគ្នាតាមនីតិវិធី៕ ប៉ឹម ពិន