ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះរបស់ស្រ្ដីអតីតគ្រូបង្រៀនចូលនិវត្ដន៍ម្នាក់ត្រូវអគ្គិភ័យឆាបឆេះខូចខាតស្ទើរទាំងស្រុង នៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល៖ ផ្ទះរបស់ស្រ្ដីដែលជាគ្រូបង្រៀនចូលនិវត្ដន៍ម្នាក់ ត្រូវបានឆ្លងចរន្ដអគ្គិសនីឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យខូចខាតស្ទើរទាំងស្រុង នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ស្រ្ដីគ្រូបង្រៀនចូលនិវត្ដន៍ជាម្ចាស់ផ្ទះ ដែលត្រូវអគ្គិភ័យឆាបឆេះឈ្មោះ ច័ន្ទ វិបុលរដ្ឋនា សុម៉ាលី អាយុ៧១ឆ្នាំ មុខរបរពិការ (គ្រោះថ្នាក់ចរាចរណ៍) មានកូនប្រុសឈ្មោះ ចាន់រតនៈ ពិសិដ្ឋ អាយុ៤៥ឆ្នាំ មុខរបរបើកបរថយន្ដ មានទីលំនៅភូមិភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកផ្ទះដែលត្រូវភ្លើងឆេះមានទំហំ ៩ម៉ែត្រគុណនឹង១២ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងឈើ ថ្មក្រោម (ខូចខាតស្ទើរទាំងស្រុង) និងទ្រព្យសម្បត្ដិដែលបាត់បង់មានប្រាក់ចំនួន១០០០ដុល្លារសហរដ្ឋអាមេរិក , មាស១ដំឡឹង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំផ្សេងទៀតផងដែរ ។

ប្រភពដដែលបន្ដថា អស់រយៈពេលជាច្រើនខែមកហើយ ដែលស្រ្ដីរងគ្រោះជាគ្រូបង្រៀនចូលនិវត្ដន៍បានសម្រាកនៅក្នុងផ្ទះរបស់ខ្លួន ដោយពុំចេញទៅណាបានទេ ព្រោះស្រ្ដីរងគ្រោះខាងធ្លាក់ខ្លួនពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំណែកឯកូនប្រុសស្រ្ដីរងគ្រោះដោយសារតែជីវភាពខ្វះខាតបានចេញទៅប្រកបការងារបើកបររថយន្ដឈ្នួលដឹកអ្នកដំណើរ ដោយទុកម្ដាយនៅក្នុងផ្ទះតែម្នាក់ឯង ។

លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រជាពលរដ្ឋជិតខាងបានឃើញផ្ទះរបស់ស្រ្ដីរងគ្រោះឆាបឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមនោះ ក៏បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្វាយរលំ និងអន្ដរាគមន៍ជួយនាំយកស្រ្ដីរងគ្រោះជាជនពិការ ដែលស្នាក់នៅខាងក្នុងផ្ទះនោះបានទាន់ពេលវេលា រីឯផ្ទះរបស់ស្រ្ដីរងគ្រោះត្រូវបានរថយន្ដពន្លត់អគ្គិភ័យចំនួន៧គ្រឿង ជួយអន្ដរាគមន៍ពន្លត់ផងដែរ ក្នុងនោះរថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ចំនួន៤គ្រឿង និងរថយន្ដពន្លត់អគ្គិភ័យរបស់បញ្ជាការដ្ឋានអង្គរក្សចំនួន៣គ្រឿង ។

ក្រោយពីធ្វើការពន្លតរួច សមត្ថកិច្ចជំនាញសន្និដ្ឋានថា ករណីភ្លើងឆេះខាងលើនេះ គឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ៕ ស្អាងជ័យ

 

 

fe


ចែករំលែក៖