ភ្នំពេញ៖ ក្រោយពីស្ថានភាពជំងឺរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែងភិរម្យ ប្រាជ្ញ ឈួន កាន់តែធ្ងន់ធ្ងរនោះនៅយប់រំលងអាទ្រាធចូលថ្ងៃទី១៧ ខែវិច្ឆិកានេះ លោក បានទទួលមរណភាពហើយក្នុងជន្មាយុ៨២ឆ្នាំ ។ មរណភាពរបស់លោកព្រឹទ្ធាចារ្យ បានបន្សល់ទុកនូវការសោកស្តាយជាខ្លាំង សម្រាប់ក្រុមគ្រួសារ និងប្រជាជនខ្មែរគ្រប់ទិសទី ។
ព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន មានស្ថានភាពជំងឺរ៉ាំរៃ ដូចជាលើសឈាម បញ្ហាតម្រងនោមបេះដូង និងសួតជាង១០ ឆ្នាំហើយ ។ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ស្ថានភាពជំងឺគាត់ធ្វើទុក្ខខ្លាំង ដែលធ្វើឲ្យគ្រួសាររបស់លោកព្រឹទ្ធាចារ្យសម្រេចចិត្តបញ្ជូនលោកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ មុននឹងបញ្ជូនបន្តមកមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី៨ ខែវិច្ឆិកា និង បានទទួលមរណភាពកាលពីវេលាម៉ោង១រំលង អធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
លោកព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន កើតនៅ ឆ្នាំ១៩៣៦នា ភូមិត្រពាំងកក់ ឃុំខ្វាវ ស្រុកទ្រាំងខេត្តតាកែវ ។ អ្នកចាប៉ី ដែលពិការភ្នែកដោយសារតែជំងឺកញ្ជ្រិលកាលពីខ្លួនមានអាយុ៥ ឆ្នាំតែអាចមើលឃើញព្រាលៗខ្លះដែរនោះ បានរម្លឹកថាលោក បានចេះដឹងអក្សរសាស្ត្រខ្លះមានដូចជាបាលីកំណាព្យដោយសារព្រះសង្ឃមួយអង្គនៅក្នុងវត្តសមរនៅក្បែរ ភូមិរបស់លោកជួយបង្ហាត់បង្រៀនឲ្យថាតាមព្រះអង្គ ។
ដោយសារមាននិស្ស័យនឹងសិល្បៈចាប៉ី អាយុទើបតែ១២ ឆ្នាំកុមារា ប្រាជ្ញ ឈួន បានចាប់ផ្តើមចេះច្រៀងចាប៉ីដងវែងល្អគ្រាន់បើ ។ កុមារា ប្រាជ្ញ ឈួន ចេះច្រៀងចាប៉ីដោយសារតែមានការជំរុញពីបងប្រុស និងឪពុកមារបស់ខ្លួន ដែលជាអ្នកចាប៉ីមានកិត្តិនាមល្បាញល្បីក្នុងសម័យសង្គមរាស្ត្រនិយមគឺលោកតាប៉ែតឌុក ដែលមហាជនខ្មែរហៅថាលោកតាចង្កូម៨ ។
ចាប់ពីពេលនោះមកកិត្តិនាមរបស់អ្នកចាប៉ីដងវែង ប្រាជ្ញ ឈួន បានចាប់ផ្តើមល្បីល្បាញបន្តិចម្តងៗពី ភូមិមួយទៅ ភូមិមួយនៅក្នុងខេត្តតាកែវ ហើយកេរ្តិ៍ឈ្មោះរបស់លោក បានចាប់ផ្តើមល្បីខ្លាំងមែនទែន ដែលមានទាំងរាស្ត្រ និងមន្ត្រីស្គាល់ច្រើននៅ ឆ្នាំ១៩៦២នៅពេល ដែលអ្នកចាប៉ីរូបនេះប្រឡងនៅវិទ្យុជាតិផ្នែកចាប៉ីដងវែងជាប់ចំណាត់ថ្នាក់លេខ១ ។ ជ័យលាភីនេះធ្វើឲ្យលោក ប្រាជ្ញ ឈួន ដែលពេលនោះទើបតែមានវ័យ២៦ ឆ្នាំ និងបន្ទាប់ពីរៀបការរួចត្រូវចាកចេញពី ស្រុកកំណើតមករស់នៅភ្នំពេញ ។
បន្ទាប់ពីទទួល បានជ័យលាភីលេខ១អ្នកចាបីរូបនេះ បានវិចបង្វិចរបស់ខ្លួនចាកចោល ស្រុកកំណើតមករស់នៅភ្នំពេញពីព្រោះតែលោកមានភារកិច្ចត្រូវច្រៀងចាប៉ីនៅស្ថានីយវិទ្យុជាតិនៅឯភ្នំពេញជាប្រចាំ ។ តែជាអកុសលកំពុងតែពេញចិត្ត និងត្រេកត្រអាលនឹងអាជីពរបស់ខ្លួនជាអ្នកចាប៉ីដងវែងមិន បានប៉ុន្មាន ឆ្នាំផងរបបប្រល័យពូជសាសន៍ប៉ុលពត បានឈានចូលមកដល់នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ។
លោកត្រូវ បានរបបនេះជម្លៀសពីភ្នំពេញមកនៅ ស្រុកកំណើតវិញ ។ ជីវិតតស៊ូលំបាករបស់អ្នកចាប៉ី ប្រាជ្ញ ឈួន ក្នុងរបបនេះក៏មិនខុសពីប្រជាជនខ្មែរដទៃទៀត ដែល បានឆ្លងកាត់របបដ៏ខ្មៅងងឹតនេះដែរ ។ នៅក្នុងរបបនេះលោកវិះនឹងបាត់បង់ជីវិតលែង បានកាន់ដងចាប៉ីច្រៀងទៀតនៅពេលនោះ ។
ក្រោយពីរបបប៉ុលពត បានដួលរលំទៅនៅ ឆ្នាំ១៩៧៩ផ្ទាំងប្រវត្តិសាស្ត្រន៍ល្អរបស់កម្ពុជា បានកើតឡើងជាថ្មីហើយអ្នកចាប៉ីដងវែងរបស់យើងក៏នៅតែបន្តអាជីពជាអ្នកចាប៉ីដើម្បីចិញ្ចឹមជីវិត និងគ្រួសារហើយបន្តច្រៀងនៅវិទ្យុជាតិដ ដែលរហូតដល់ ឆ្នាំ២០០០ទើបលោកចូលនិវត្តន៍ ។
ថ្វីដ្បិតតែលោកចូលនិវត្តន៍ឈប់ច្រៀងនៅវិទ្យុជាតិពិតមែនតែអ្នកចាប៉ីរូបនេះនៅតែអាចមានកម្លាំងទៅច្រៀងតាមកម្មវិធីទូរទស្សន៍តាមផលិតកម្ម និងកម្មវិធីសំខាន់មួយចំនួនដែរដើម្បីចិញ្ចឹមជីវិតមុននឹងលោកលែងមានកម្លាំងអាចច្រៀងកើតក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ។
លោកព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន ជាអ្នកចាប៉ីដ៏ល្បីល្បាញដ៏ពូកែតែគួរឲ្យសោកស្តាយណាស់សម្រាប់អ្នកចាប៉ីរូបនេះនោះគឺកូនៗរបស់លោកទាំង៥នាក់របស់លោកគ្មាននរណាម្នាក់ចេះច្រៀងចាប៉ីដូចខ្លួននោះដែរ ។ កូនៗរបស់លោកទាំង៥នាក់នោះអ្នកខ្លះធ្វើជាទាហាន និងកសិករជាដើម ។
លោកថា ជីវិតជាអ្នកចាប៉ីពិបាកនឹងរកថវិកាចិញ្ចឹមជីវិតហើយម្យ៉ាងកូនៗរបស់លោកទាំងនោះហាក់មិនសូវមានចំណូលចិត្តនឹងចាប៉ីប៉ុន្មាននោះទេ ។ លោកត្រូវ បានទទួលស្គាល់ជាបុគ្គលដ៏មានទេពកោសល្យមួយរូប និងជាទីគោរពរបស់ពលរដ្ឋកម្ពុជា បានបន្សល់ទុកនូវស្នាដៃផ្នែកចាប៉ីជាច្រើនសម្រាប់កូនខ្មែរជំនាន់ក្រោយស្តាប់ ។
កិត្តិសព្ទរបស់អ្នកប្រាជ្ញផ្នែកចាប៉ីដងវែងរូបនេះមិនត្រឹមតែល្បីខ្ទរខ្ទារនៅក្នុងពិភពអ្នកចាប៉ីដងវែងដូចគ្នាឡើយតែក្នុងស្រទាប់ប្រជាជនខ្មែរស្ទើរទូទៅក៏ស្គាល់ឈ្មោះលោក ប្រាជ្ញ ឈួន ថាជាអ្នកចាប៉ីដ៏អស្ចារ្យនៅកម្ពុជា ។ ជីវិតអ្នកចាប៉ីរូបនេះសល់តែកិត្តិសព្ទ និងស្នាដៃសម្រាប់កូនខ្មែរ ។
ទោះលោកទទួលមរណភាពក្តីក៏តែខ្សែអាត់សំឡេងនៃចម្រៀងចាប៉ីរបស់លោក ដែលអប់រំកំដរអារម្មណ៍ប្រជាជនខ្មែរត្រូវគេយកទៅចាក់តាមឧគ្ឃោសនសព្ទ (មេក្រូ) នៅតាមទីអារាមឬនៅតាមពិធីបុណ្យទានតាមបែបព្រះពុទ្ធសាសនា ដែលធ្វើឲ្យប្រជាជនជំនាន់ក្រោយនៅតែស្គាល់ឈ្មោះអ្នកចាប៉ី ប្រាជ្ញ ឈួន ជានិច្ច៕ វឌ្ឍនា