ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់៖ តំណាងDMDI ទាំង២៣ប្រទេស ដែលនិយាយភាសាម៉ាឡាយូ ចាប់អារម្មណ៍ខ្លាំងលើការវិនិយោគ វិស័យហាឡាល់ នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ថ្លែងក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ពិភពម៉ាឡាយូពិភពឥស្លាម (DMDI) លើកទី១៩ ប្រទេសសឹង្ហបុរីនៅថ្ងៃទី ១៥-១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធាន DMDI ពិភពលោក និងជាប្រធានDMDI ប្រចាំកម្ពុជា បានមាន ប្រសាសន៍ឲ្យដឹង នៅថ្ងៃអាទិត្យ ១១កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ថា៖ កិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ពិភពម៉ាឡាយូ ដែលមានរយៈ៣ថ្ងៃ ក្រោមប្រធានបទស្តីពី «ការឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរ វប្បធម៌ សេដ្ឋកិច្ច និង សង្គម» បាននាំចំណាប់អារម្មណ៍យ៉ាងខ្លាំង ដល់សមាជិក ពិភពលោក មកពីប្រទេសចំនួន២៣ ដែលជារដ្ឋ និងតំបន់ដែលនិយាយភាសាម៉ាឡាយូ ឲ្យមើលឃើញពីសក្តានុពល និង ឱកាសវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគលើ វិស័យឧស្សាហកម្ម ហាឡាល់ នៅកម្ពុជា ក្រោមគោលនយោបាយអភិវឌ្ឍន៍ របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកំណើនសេដ្ឋកិច្ចនៅកម្ពុជាក្នុងអត្រាជាង ៧% ប្រចាំឆ្នាំ ក្នុងរយៈពេលជាង២ទសវត្សរ៍ ហើយបានចេញជាអនុក្រឹត្យ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈកម្មាធិការត្រួតពិ
និត្យផលិតផលហាឡាល់ កម្ពុជា កាលពីឆ្នាំ២០១៦ ដែលធ្វើឲ្យវិស័យហាឡាល់កម្ពុជាកាន់តែមានភាពជឿជាក់ ពីបណ្តាអ្នកវិនិយោគទុន និងអតិថិជន អ្នកប្រើប្រាស់ទូទាំងពិភពលោក ។

តាមការបញ្ជាក់របស់ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានឲ្យដឹងថា៖សមាសភាពជាតំណាងប្រទេសសមាជិកDMDI ដែលដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ គឺសុទ្ធ តែថ្នាក់ដឹកនាំ ក្នុងជួររដ្ឋាភិបាល ឥស្សរជន អ្នកវិនិយោគិន សហគ្រិន ធុរៈកិច្ចជន មានចំនួន៣៤០ នាក់ ដែលតំណាងមកពីបណ្តាប្រទេសជារដ្ឋនិង តំបន់ នៅទូទាំងពិភពលោកចំនួន២៣ ប្រទេសដែលនិយាយភាសាម៉ាឡាយូ ក្នុងនោះរួមមាន:កម្ពុជា, ថៃ,សឹង្ហបុរីម៉ាឡេស៊ី,ចិន,ឥណ្ឌូនេស៊ី ,អារ៉ាប៊ីសាអ៊ូឌីត, ប្រ៊ុយណេ, ភីលីពីន, ទីម័រ ,អង់គ្លេស, ម៉ាដាហ្គាស្កា ,អូស្ត្រាលី ,អាហ្វ្រិកខាងត្បូង, អេហ្ស៊ីប ,បូស្នីហ្ស៊េហ្គោវីណា ,ហូឡង់ , ម៉ាល់ឌីវ, បង់ក្លាដែស ,កាណាដា ,ស៊ូរីណា​ម ,ស្រីលង្កា ,ម៉ូរីស ដើម្បីពង្រឹងទំនាក់ទំនង និងផ្តោត​សំខាន់​​នូវស្ថាន​ភាព​ទូទៅ​លើការ​អភិវឌ្ឍ កិច្ចការសាសនា វិស័យសិក្សាធិការ ការគ្រប់​គ្រង​​វិស័យ​​​​ហាឡា​ល់ ​ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសង្គម សេដ្ឋកិច្ច និង វប្បធម៌ ការ​ប្រមូល​វិស័យ​វ៉ាហ្គហ្វ (ទាយ​ជ្ជ​ទាន) គ្រប់​គ្រង​​​វិស័យ​​​ហ្សាកាត់ (ការបរិច្ចាគទ្រព្យ) បច្ចេកទេស​គ្រប់គ្រងហាជ្ជី (ការធ្វើ​ធម្ម​​យាត្រា​) កម្មវិធី​​​យុវជន នៃបណ្តា​ប្រទេស​​ជាសមាជិក​របស់​ DMDI ។

គណៈប្រតិភូ តំណាងប្រទេសនានា បានកោតសរសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយក្តីគោរពស្រលាញ់ពេញចិត្តចំពោះការដឹកនាំប្រទេស ដែលធ្វើឲ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ យ៉ាងឆាប់រហ័សជាពិសេសការធ្វើឲ្យមានសុខដុមបនីយកម្មសាសនាផងដែរ ៕ សំរិត


ចែករំលែក៖