ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោក ណុប សំណាង អ្នករត់ការ​ឲ្យមានបទល្មើសនេសាទនៅខេត្តតាកែវ

ចែករំលែក៖

គេរាយការណ៍ថា បទល្មើសនេសាទ ដែលកើតមានព្រោងព្រាត នៅក្នុងស្រុក​បុរីជលសា និងស្រុកអង្គរបុរី ក៏ដូចជាបណ្តាស្រុកផ្សេងទៀត​ក្នុងខេត្តតាកែវ ជាប់ព្រំដែនប្រទេសវៀតណាម គឺកើតឡើងដោយមេខ្យល់ឈ្មោះ ណុប សំណាង ហៅវណ្ណា ជាមន្ត្រីរដ្ឋបាលជលផល ទទួលបន្ទុកគ្រប់គ្រងសហគមន៍នេសាទ ។ សហគមន៍នេសាទ នៅទូទាំងខេត្តតាកែវ គាត់ជាអ្នកគ្រប់គ្រង​ ហើយបញ្ចុះបញ្ចូលឲ្យសហគមន៍ លក់ដែននេសាទទៅឲ្យជនជាតិវៀតណាម ។ នៅពេលមានការ​លើកឡើងអំពីបទល្មើសនេសាទ ពួកមន្ត្រីជលផល អះអាងថា គឺពួកសហគមន៍ជាអ្នកលក់ដែននេសាទទៅឲ្យជនជាតិវៀតណាម ។ ប៉ុន្តែនៅពីក្រោយសហគមន៍នោះ គឺលោកណុប សំណាង ជាអ្នកសម្របសម្រួល​ខាងសហគមន៍, ខាងជលផល និងអាជ្ញាធរដែនដី ។

បើទោះបីជាពេលនេះ ទឹកទន្លេ​នៅតាមតំបន់នានាក្នុងស្រុកអង្គរបុរី ក៏ដូចជាស្រុកបុរីជលសា ឬស្រុកកោះអណ្តែត ស្រកស្ទើរតែផុតហើយក៏ដោយ ប៉ុន្តែបទល្មើសនៅតែកើតមានជាហូរហែ ។ កឺបទល្មើសនៃការអនុញ្ញាតឲ្យបណ្តាជនជាតិវៀតណាមចូលមកនេសាទ​នៅក្នុងទឹកដីខ្មែរ ។ ពួកគេចូលមកនេសាទដោយសេរី តាមរយៈប័ណ្ណពណ៌លឿងមួយ ។ រីឯការដាក់ដាយ អួន សៃយ៉ឺន តាមមាត់ព្រែក តាមទន្លេ នៅតែបន្តជារៀងរាល់ថ្ងៃ ដោយ​ជនជាតិវៀតណាមទាំងនោះអះអាងថា គេបានទិញ ព្រែក ទិញទន្លេពីសហគមន៍ខ្មែររួចហើយ ។ ពលរដ្ឋខ្មែរម្ចាស់ស្រុក មិនត្រូវបានអនុញ្ញាតឲ្យចូលនេសាទនោះទេ គឺពួកមន្ត្រីជលផល និងអាជ្ញាធរដែនដីជាអ្នកចាំបង្ក្រាប​ប្រជាពលរដ្ឋខ្មែរ​ដើម្បីទុកឱកាស​ឲ្យអ្នកនេសាទវៀតណាមធ្វើសកម្មភាពតាមអំពើចិត្ត ។

លោកណុប សំណាង ត្រូវបានពួកមន្ត្រីជលផលនៅខេត្តតាកែវ​អះអាងថា ជាមេខ្យល់ធំ​ក្នុងការសាងបទល្មើសនេសាទ​ជារៀងរាល់ឆ្នាំកន្លងមក ។ គាត់ជាអ្នកទាក់ទង អ្នកនេសាទវៀតណាមដែលរកស៊ីធំៗឲ្យចូលមកនេសាទក្នុងស្រុកខ្មែរ ហើយក៏ជាអ្នកសម្របសម្រួលខាងសហគមន៍ ក៏ដូចជាថ្នាក់ដឹកនាំអាជ្ញាធរតាមបណ្តាស្រុកនិងខេត្ត​​ ជាពិសេស​គឺគាត់ជាអ្នកបោះមេឲ្យទៅ​ស្ថាប័ន​ពាក់ព័ន្ធនានា រួមទាំងថ្នាក់ដឹកនាំខេត្ត ។ ដោយសារតែ​ឥទ្ធិពលនៃការសម្របសម្រួល របស់លោក ណុប សំណាងនោះហើយ ទើបថ្នាក់ដឹកនាំខេត្តតាកែវ ដែលទទួលបានលាភសក្ការពីលោកណុប សំណាង មិនដែលក្អកគ្រហែម ឬមានប្រតិកម្ម​ចំពោះបញ្ហាជនជាតិវៀតណាមចូលមកនេសាទក្នុងដីខ្មែរនោះទេ ។ គេមិនដែលឮ លោក អ៊ួច ភា អភិបាលខេត្តតាកែវ​បញ្ចេញប្រតិកម្មម្តងណាឡើយ ចំពោះករណីបទល្មើសនេសាទបង្កឡើងដោយជនជាតិវៀតណាម​នៅក្នុងដីខ្មែរ បើទោះបីជាប្រជាពលរដ្ឋខ្មែរម្ចាស់ស្រុក នៃស្រុកអង្គរបុរី និងស្រុកបុរីជលសា ប្រតិកម្មយ៉ាងណាក៏ដោយ ៕


ចែករំលែក៖