ខេត្តបន្ទាយមានជ័យ៖ ខ្យល់កន្រ្តាក់នៅខេត្តបន្ទាយមានជ័យបានបោកបក់យ៉ាងខ្លាំងបង្កឲ្យប៉ះពាល់បង្គោលភ្លើងតង់ស្យុងខ្ពស់១១៥គីឡូវុលសម្រាប់ផ្គត់ទៅខេត្តសៀមរាបបណ្តាលឲ្យដួលទ្រេត កាត់ផ្តាច់ចរន្តអគ្គិសនី នៅក្នុងក្រុងអង្គរខេត្តសៀមរាប ប៉ះពាល់ភ្ញៀវ ទេសចរ និងប្រជាពលរដ្ឋនៅខេត្តសៀមរាប រាប់ម៉ឺនគ្រួសារ ។ ខ្យល់កន្រ្តាក់ នោះបានបង្កឲ្យប្រជាពលរដ្ឋរងរបួសនិងខូចខាតលំនៅឋានមួយចំនួនផងដែរ ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ស្ថិតនៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ប្រធានអគ្គិសនី សាខាខេត្តបន្ទាយមានជ័យ លោក ជីវ ណារិន ប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ខ្យល់កន្រា្តក់ខាងលើ បង្កឲ្យបង្គោលភ្លើង១ដើមដួល ទ្រេត ត្រង់ចំណុចកំណាត់ផ្លូវជាតិលេខ៦ ដោយបង្គោលភ្លើង នោះគឺតភ្ជាប់ បណ្តាញអគ្គិសនីពីខេត្តបាត់ដំបង សម្រាប់ផ្គត់ភ្លើងនៅខេត្តសៀមរាប ។ ការដួល ទ្រេត បង្គោលភ្លើងនោះផងដែរបានរងការដាច់ចរន្តអគ្គិសនី នៅខេត្តសៀមរាប ប្រមាណ៥ទៅ៦ម៉ោងចាប់ពីវេលាម៉ោង៥ល្ងាច រហូតដល់ម៉ោង ១០យប់ថ្ងៃដដែលទើបភ្លើងអគ្គិសនីបានដំណើរការ ។ បន្ទាប់ពីក្រុមការងារអគ្គិសនីខេត្តបានប្រឹងប្រែងទៅជួសជុលបង្គោលភ្លើងនៅចំណុចនោះឡើងវិញ ។
ជុំវិញបញ្ហាខ្យល់កន្រា្តក់សេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា ខ្យល់កន្តា្រក់បានបង្កដួលរលំផ្ទះសង្កត់ ប្រជាពលរដ្ឋម្នាក់មានឈ្មោះ យ៉ាំង សេត ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ រងរបួសស្រាល និងបានបង្កឲ្យ ផ្ទះប្រជាពលរដ្ឋ៤ ខ្នងរងការខូចខាតធ្ងន់និងស្រាល ។
សេចក្តីរាយការណ៍ឲ្យដឹងទៀតថា ក្រោយកើតហេតុនោះហើយគេឃើញកម្លាំងនគរបាលស្រុកព្រះនេត្រព្រះ ប្រមាន៣០នាក់ ដឹកនាំដោយអធិការនគរបាលស្រុកព្រះនេត្រព្រះ លោកវរសេនីយ៍ទោ មាស រិទ្ធី បានទៅជួយអន្តរាគមន៍ រុះរើ និងជួសជុលកសាង ផ្ទះពលរដ្ឋរងគ្រោះ ឡើងវិញ ដោយឡែកសម្រាប់ពលរដ្ឋរង របួសម្នាក់កំពុង សម្រាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យបង្កែកស្រុកព្រះនេត្រព្រះ៕សំ វិច្ឆិកា