ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចូលភ្លើងទូរស័ព្ទទុកចោលលើពូក ផ្ទុះឆាបឆេះហុយផ្សែងទ្រលោម សំណាងពន្លត់ទាន់ នៅក្បែរផ្សារវាលយន្ត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ និងអាជីវករលក់ដូរនាំគ្នាជួយយកបំពង់ពន្លត់ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន មានដូចជានគរបាលកងរាជអាវុធហត្ថខេត្តមកអន្តរាគមន៍ និងមានរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង មកបាញ់ពន្លត់ដោយសារតែម្ចាស់ផ្ទះធ្វេសប្រហែស ខណៈបញ្ចូលថ្មទូរស័ព្ទទុកចោលលើពូក បណ្ដាលក្ដៅខ្លាំង ផ្ទុះឆាបឆេះហុយផ្សែងទ្រលោមកាលពីវេលាម៉ោង៤៖០០រសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតផ្ទះដូរលុយ និងលក់មាសមួយកន្លែង នៅខាងត្បូងផ្សារវាលយន្ត ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង​ សំណាងពន្លត់ទាន់ពេលវេលាមិនបណ្ដាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ។

យោងតាមលោក តូច ធី ចៅសង្កាត់រងទី១ សង្កាត់ស្វាយរៀង ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សំ ទី អាយុ៥០ឆ្នាំ មានមុខរបរដូរលុយ និងលក់មាសមានទីលំនៅ ភូមិ សង្កាត់កើតហេតុខាងលើ ហើយទំហំ នៃការខូចខាត គេពុំទាន់ដឹងថា ខូចខាតអស់ប៉ុន្មាននោះដែរ ។

ប្រភពបន្តថានៅមុនវេលាម៉ោងកើតហេតុខាងលើ ដោយម្ចាស់ផ្ទះបានបញ្ចូលភ្លើងទូរស័ព្ទ ដាក់លើពូកក្នុងបន្ទប់ដេក បន្ទាប់មកប្រមាណកន្លះម៉ោង ស្រាប់តែ ផ្ទុះឆេះពូក ហុយផ្សែងទ្រលោម បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋជិតខាង និងក្រុមអាជីវករលក់ដូរក្បែរផ្សារវាលយន្ត នាំគ្នារត់ យកបំពង់អគ្គិភ័យបាញ់ពន្លត់អស់៤បំពង់ ប៉ុន្តែមិនរលត់នោះទេ ទើបម្ចាស់ផ្ទះទូរស័ព្ទហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មួយគ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្ត២គ្រឿង មកជួយបាញ់ពន្លត់ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃខែឆ្នាំដដែល ។

លោក ណុប ចំរើន អភិបាលរងស្តីទីក្រុងស្វាយរៀង ក៏បានអំពាវនាវដល់ពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ គ្រោះអគ្គិភ័យ ដែលបង្កដោយការឆ្លងចរន្តអគ្គិសនី ភ្លើងទៀន ភ្លើងធូប ភ្លើងចង្ក្រានជាដើម ។

ជាមួយគ្នា លោកក៏សំណូមពរដល់ពលរដ្ឋជាអាជីវករលក់ដូរទាំងអស់ សូមកុំដាក់លក់នូវមុខទំនិញមកចិញ្ជើមថ្នល់ ជុំវិញផ្សារ ដែលបង្កឲ្យកកស្ទះពេលមានអាសន្នម្តងៗ លំបាកក្នុងការជួយអន្តរាគមន៍ ៕ យឹម សុថាន


ចែករំលែក៖