ខេត្តស្វាយរៀង៖ ចម្ការអំពៅស្កររបស់ក្រុមហ៊ុន អ៊ិសធើនរ៉ាយ៍ហ្វៀល ឌីវេឡុបមេន ខូអិលធីឌី ចំនួន១៣ហិកតាកន្លះ ត្រូវបានភ្លើងឆេះហុយផ្សែងទ្រលោម បង្កការភ្ញាក់ផ្អើលដល់កម្មករអ្នកចាំចម្ការនាំគ្នាបាញ់ពន្លត់ និងរាយការណ៍មកសមត្ថកុច្ចមូលដ្ឋានភ្លាមៗដោយសង្ស័យថា មានជនសង្ស័យដែលមានបំណងមិនល្អលើក្រុមហ៊ុនលួចដុត ។
ហេតុការណ៍ភ្លើងឆេះចម្ការអំពៅនេះ បានកើតឡើងកាលពីវេលាម៉ោង១១៖៣០នាទី ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិអូរតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
លោក កុយ សារ៉េន ម្ចាស់ក្រុមហ៊ុនដាំអំពៅស្ករ បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ក្រោយពីបានទទួលបានព័ត៌មានថា មានឆេះចម្ការអំពៅស្កររបស់ក្រុមហ៊ុន អ៊ិសធើន រ៉ាយ៍ហ្វៀល ឌីវេឡុបមេន ខូអិលធីឌី ដោយមិនដឹងមូលហេតុនោះ លោកក៏បានរាយការណ៍មកកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋាន ចុះមកជួយពន្លត់ជាមួយអ្នកយាមចម្ការ និងគ្រឿងចក្ររបស់ក្រុមហ៊ុន ជួយបាញ់ទឹកពន្លត់ភ្លើងកុំឲ្យឆេះរៀលដាលនៅចម្ការផ្សេងៗទៀត ដោយប្រើពេល៣ម៉ោង ទើបរលត់ទាំងស្រុង ។
ប្រភពបន្តទៀតថា បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដថា ជាករណីមានលួចដុត ឬក៏អាចឆេះបណ្តាលពីគ្រោះធម្មជាតិ ។
លោក កន្លងមកបានធ្វើការអំពាវនាវដល់ពលរដ្ឋ ដែលជាអ្នកស្រុកកុំលែងគោក្របីចូលស៊ីបំផ្លាញដំណាំរបស់ក្រុមហ៊ុន ព្រោះក្រុមហ៊ុនព្រួយបារម្ភអំពៅធ្លាក់ថ្លៃផង ហើយត្រូវមានអ្នកលួចដុតទៀត ដែលនាំឲ្យមានការព្រួយបារម្ភអំពីការខាតធន ខណៈតម្លៃអំពៅស្ករធ្លាក់ចុះដោយទីផ្សារអាស៊ាន មានការធ្លាក់ចុះនូវតម្លៃស្កសរ ធ្វើឲ្យវៀតណាម បញ្ចុះតម្លៃអំពៅស្ករដែរ ដោយទិញអំពៅធ្លាក់ថ្លៃជិតពាក់កណ្តាល ។
លោកអះអាងថា នាពេលកន្លងមក ប្រជាពលរដ្ឋធ្លាប់បានលែងគោក្របីឲ្យចូលស៊ីអំពៅអស់ជាច្រើនកន្លែង បណ្តាលឲ្យខូចគុណភាពស្ករអស់ជាច្រើនទៀត ។ រីឯប្រជាពលរដ្ឋខ្លះ បានយកក្របីគោទៅឃ្វាលក្បែររចម្ការអំពៅ ហើយបណ្តោយឲ្យក្របីគោចូលស៊ីអំពៅ ចុងអំពៅ (អ្នកខ្លះចូលលួចកាប់ស្លឹកអំពៅយកឲ្យក្របីគោស៊ីទៀត) បណ្តាលឲ្យខូចអំពៅ និងធ្លាក់គុណភាពអំពៅទៀតផង ។
លោក សំណូមពរដល់អាជ្ញាធរមេត្តាជួយអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ កុំឲ្យលែងក្របីគោចូលស៊ីបំផ្លិចបំផ្លាញអំពៅ និងលួចកាប់ចុងអំពៅបន្តទៀត ៕ យឹម សុថាន