ខេត្តស្វាយរៀង៖ មនុស្សប្រុសស្រី៣នាក់ រងរបួស ធ្ងន់ ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា រវាងម៉ូតូ និងកង់ និងម៉ូតូបុក និងម៉ូតូនៅក្រុងស្វាយរៀង និងស្រុករំដួល ។
បើតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីទី១ កើតឡើងនៅថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង ១០:៣៨ នាទី ព្រឹកមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង ម៉ូតូ និង កង់ លើផ្លូវលេខ ១៣ ចន្លោះគីឡូម៉ែតលេខ ០១/០២ ស្ថិតក្នុងភូមិ ធ្លក សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ។
ដោយម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CJ ៨២៤៤ បើកបរដោយឈ្មោះ មុំ ឈុន ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ឆ្អឹងពស់ ឃុំ កំពង់ចក ស្រុក រំដួល ខេត្ត ស្វាយរៀង បើកបរពីជើងទៅត្បូង ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏បុកពីក្រោយអ្នកជិះកង់ឈ្មោះ ម៉ៅ សុំ ភេទ ស្រី អាយុ ៥៣ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ធ្លក សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ដែលជិះពីមុខពេញទំហឹងបណ្ដាលឲ្យដួលរណូករណែលពេញផ្លូវតែម្ដង ហើយអ្នករបួសទាំង២ត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។
ករណីទី២ នៅថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៧ និង ៣០នាទីព្រឹក មានករណី គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងនៅលើផ្លូវលេខ ១៣ ស្ថិត នៅក្នុងភូមិ ចក ឃុំ កំពង់ចក ស្រុក រំដួល ខេត្ត ស្វាយរៀង រវាង ម៉ូតូ និងម៉ូតូក្នុង ទិសដៅ ស្របគ្នា ។
ដោយមានម៉ូតូ ម៉ាកគុបជ្រុងសេ90 ពណ៌ស្លែពាក់ ស្លាកលេខ ស្វាយរៀង 1L.1897 បើកបរដោយឈ្មោះ ម៉ៅ បញ្ញា ភេទ ប្រុស អាយុ ១៤ ឆ្នាំ (សិស្ស)រស់នៅ ភូមិ ថ្មី ឃុំ បុសមន ស្រុក រំដួល ខេត្ត ស្វាយរៀង ធ្វើដំណើពីត្បូងទៅជើងដល់ ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត មិនស្គាល់ម៉ាកបានវ៉ាទៅមុនបណ្តាលឲ្យទាក់ដៃចង្កូតដួលច្រងាប់ច្រងឹលរងរបួសតែម្ដង ។
រីឯអ្នកបើកជែងបង្កហេតុនោះ មិនត្រូវបានដួលទេនោះទេក្រោយឃើញសភាពការណ៍មិនស្រួលបាន បើកម៉ូតូគេចខ្លួនបាត់តែម្ដង ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារតែ ម៉ូតូដែលធ្វើដំណើពីខាងក្រោយជែងល្បឿនលឿន ទៅមុនទាក់ដៃចង្កូតបណ្ដាលដួលបែបនេះ ៕ យឹម សុថាន