ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកំពង់ធំ នៅ​ពីក្រោយ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​គឃ្លើន​

ចែករំលែក៖

ថ្មីៗ​នេះ​ប្រជា​នេសាទ​ក្នុងស្រុក​ស្ទោង ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង និង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​បង្ក្រាប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ខេត្តកំពង់ធំ ជាបន្ទាន់​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ជល​ផល​ទេនោះ គឺ​ក្រុម​ជនល្មើស​មិន​ហ៊ាន​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​ឆ្នុក​ភ្លើងពណ៌ និង​យ៉ាំង​កាវ យ៉ាង​រាលដាល​ដូច​សព្វថ្ងៃនេះ​ទេ​។ ចំណែក​លោក ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ និង​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា ជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​

​ប្រភពពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា រយៈពេល​មួយ​សប្ដាហ៍​កន្លងទៅនេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​កំពុង​កើតឡើង​យ៉ាង​រាលដាល​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ចំណែក​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ឲ្យ​បាន​ទាន់ពេលវេលា​នោះឡើយ​។ បញ្ហា​នេះហើយ​ដែល​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​ស្ទោង ខេត្តកំពង់ធំ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតែ​ឃុបឃិត​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​យ៉ាង​មហន្តរាយ ហើយ​ពួកគេ​បែរជា​គាបសង្កត់​យ៉ាងខ្លាំង​មកលើ​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅក្នុង​មូលដ្ឋាន​។​

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​ប្រើ​ឆ្នុក​ភ្លើងពណ៌​បៃតង​និង​បទល្មើស​ប្រើរ​បាំងសាច់​អួន​ក្រឡា​ញឹក​ដែលមាន​ប្រវែង​បណ្ដោយ​រាប់ពាន់​ម៉ែត្រ​កំពុង​កើតឡើង​ព្រោងព្រាត​ពេញ​ផ្ទៃ​បឹង​ទន្លេសាប​នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​លោក ហួន ផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ពាម​បាង និង​លោក ហុក ម៉ន់ នាយរង​សង្កាត់រដ្ឋបាល​ជលផល​ពាម​បាង ទេនោះ​គឺ​គ្មាន​ជនល្មើស​ណា​អាច​ប្រព្រឹត្ត​បទល្មើស​ដូច​សព្វថ្ងៃនេះ​ទេ​។ អាច​និយាយបានថា លោក ហួន ផល និង​លោក ហុក ម៉ន់ ជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ទើប​បទល្មើស​កើតឡើង​យ៉ាងគំហុក​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរ​ពិនិត្យឡើងវិញ​ចំពោះ​បញ្ហា​ខាងលើនេះ​ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​ស្ទោង ខេត្តកំពង់ធំ ជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។​

​តាម​ការកត់សម្គាល់រ​បស់​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា លោក ហួន ផល និង​លោក ហុក ម៉ន់ គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​សុខ​ស្រួល ហើយ​ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​កាន់តែច្រើន​។ ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​ប្រើ​ឆ្នុក​ភ្លើងពណ៌​និងរ​បាំងសាច់​អួន​ក្រឡា​ញឹក កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅ​ចំណុច​សាន​ក្រង បាក់​ដាវ ពេជ្រ​ក្រី ដូន​ស្ដើង ពៅ​វើ​យ និង​តំបន់​បាឡត ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ហើយ​សូម្បីតែ​ក្នុង​តំបន់​អភិរក្ស​ក៏មាន​បទល្មើស​កើតឡើង​យ៉ាងគំហុក​ផងដែរ​។ មជ្ឈដ្ឋាន​ខ្លះ​មានការ​សង្ស័យថា​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ លោក ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ និង​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ប្រហែល​ទទួលបាន​ផលប្រយោជន៍​ពីបទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ផងដែរ​ទើប​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាងគំហុក​ដូច​សព្វថ្ងៃនេះ​៕

 


ចែករំលែក៖