ភ្នំពេញ៖ ភាពយន្តខ្នាតធំដែលធ្លាប់ទទួលបានការគាំទ្រច្រើនលើសលប់ គឺរឿង “កំណត់ហេតុនាងនាថ” គ្រោងនឹងចាក់បញ្ចាំងជាថ្មីចំព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ។ ចាក់បញ្ចាំងជាថ្មីស្របតាមការសំណូមពររបស់អ្នកគាំទ្រទាំងអ្នកធ្លាប់ទស្សនា និងអ្នកមិនទាន់បានចូលទស្សនា និងស្របពេលដល់កំណត់ខួប២ឆ្នាំនៃការចាក់បញ្ចាំងផងដែរ ។
មានការចាប់អារម្មណ៍ជាថ្មីក្រោយពីគេហទំព័រោងភាពយន្តលេជេនបានបញ្ជាក់ថា ភាពយន្ត រឿង “កំណត់ហេតុនាងនាថ” នឹងចាក់បញ្ចាំងជាថ្មីចាប់ពីថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៨នេះ នៅលេជេន សាខាមានជ័យ សាខាអេដិន និងហេរីថេករ៉ក (ខេត្តសៀមរាប) ។ ប្រភពស្និទ្ធនឹងផលិតកម្ម ឥន្ទ្រានិម្មិត បានលើកឡើងថា ភាពយន្តនេះបានសម្រេចចិត្ត ចាក់បញ្ចាំងជាថ្មីក្រោយពីមានការសំណូមពរពីអ្នកគាំទ្រជាច្រើនទាំងអ្នកធ្លាប់ទស្សនា និងអ្នកមិនទាន់បានទស្សនា ។ ប្រភពថា អ្នកទស្សនាចង់ទស្សនាជាថ្មីម្តងទៀត ហើយអ្នកមកពីតាមបណ្តាខេត្តនានាដែលមកកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែឆ្នាំនេះផងដែរ ។
គួរបញ្ជាក់ផងដែរថា ភាពយន្តរបស់ផលិតកម្ម ឥន្ទ្រានិម្មិតរឿង “កំណត់ហេតុនាងនាថ” ធ្លាប់ធ្វើឲ្យកក្រើកវិស័យភាពយន្តក្នុងអំឡុងចុងឆ្នាំ២០១៦ ដែលអាចទាញចិត្តអ្នកទស្សនាបានយ៉ាងច្រើនកុះករទាំងនៅភ្នំពេញនិងតាមបណ្តាខេត្តនានាជាច្រើន ។ ការចាក់បញ្ចាំងជាថ្មីនេះក៏ត្រូវបានគេរំពឹងថាអាចនឹងទទួលបានការគាំទ្រចូលទស្សនាភាពយន្តនេះជាច្រើនផងដែរពិសេសអ្នកដែលមិនទាន់បានទស្សនាភាពយន្តដ៏ល្បីល្បាញរបស់ខ្មែរមួយនេះ៕ វឌ្ឍនា