ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកក្រុមហ៊ុនអេស៊ីអ៊ី ជួសជុលសេវាទូរស័ព្ទ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនអេស៊ីអ៊ីជួសជុលសេវាទូរស័ព្ទ២នាក់ ករណីធ្វើឲ្យខូចខាតដោយចេតនា កាត់ផ្តាច់ខ្សែការពាររន្ទះសេវាទូរស័ព្ទក្រុមហ៊ុនSmart កាលពីវេលាម៉ោង១១ និង៣៥នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចលើដំបូលផ្ទះលេខ៨៨អា ផ្លូវបេតុង ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១-ឈ្មោះ សាត សុខជាង ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅស្នាក់ការក្រុមហ៊ុនអេស៊ីអ៊ីជួសជុលសេវាទូរស័ព្ទ ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុនអេស៊ីអ៊ីជួសជុលសេវាទូរស័ព្ទ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) និងទី២ឈ្មោះ សែម លៃហួ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវកាកាប សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុនអេស៊ីអ៊ីជួសជុលសេវាទូរស័ព្ទ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ រស់ ហេង ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨២ ផ្លូវលេខ២១៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុនអ៊ីដតខួទូរស័ព្ទSmart ។ វត្ថុតាងចាប់យក ៖ ខ្សែការពាររន្ទះសេវាទូរស័ព្ទម៉ាកSmart ដែលត្រូវកាត់ផ្តាច់ចំនួន ០៥កំណាត់ (ជារបស់ដើមបណ្តឹងឈ្មោះ រស់ ហេង) និងម៉ូតូ០១គ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CD-3201 (ជារបស់ជនសង្ស័យ ) ។

មន្រ្តីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១ និង៣៥នាទី ជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CD-3201 យកលិខិតសុំចូលទីតាំងស្ថានីយ៍អង់តែន របស់ក្រុមហ៊ុនអ៊ីដកខូទូរស័ព្ទSmart (ពុំចុះកាលបរិច្ឆេទ និង ចុះហត្ថលេខារបស់ប្រធានក្រុមហ៊ុន) មកបង្ហាញឈ្មោះ អ៊ឹម អៀងហុង ជាម្ចាស់ផ្ទះលេខ៨៨អា ផ្លូវបេតុង ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ ដែលក្រុមហ៊ុនទូរស័ព្ទម៉ូប៊ីធែល និង ក្រុមហ៊ុនទូរស័ព្ទជួលដាក់អង់តែនសេវាទូរស័ព្ទម្ខាងម្នាក់ ក្នុងគោលបំណងទៅជួសជុលសេវាទូរស័ព្ទរបស់ក្រុមហ៊ុនម៉ូប៊ីធែល ហើយនៅជនសង្ស័យទាំង២នាក់ បានចូលទៅជួសជុលបានបន្តិច ឈ្មោះ អ៊ឹម អៀងហុង បានយកលិខិតសុំចូលទីតាំងស្ថានីយ៍អង់តែនដែលជនសង្ស័យទាំង២នាក់ឈ្មោះ សែម លៃហួ និង ឈ្មោះ សាត សុខជាង ឃើញពុំមានចុះកាលបរិច្ឆេទ និង ចុះហត្ថលេខារបស់ប្រធានក្រុមហ៊ុន ទើបដឹងជាលិខិតក្លែងក្លាយ ភ្លាមនោះឈ្មោះ អ៊ឹម អៀងហុង បានចូលទៅតាមមើលឃើញជនសង្ស័យទាំង២នាក់ឈ្មោះ សែម លៃហួ និងឈ្មោះ សាត សុខជាង បានធ្វើសកម្មភាពយកកន្រ្តៃកាត់ខ្សែការពាររន្ទះសេវាទូរស័ព្ទរបស់ក្រុមហ៊ុនស្មាត (ដែលនៅបង្គោលជាប់គ្នា) ឃើញដូចនោះឈ្មោះ អ៊ឹម អៀងហុង ក៏បានទូរស័ព្ទទៅប្រាប់ខាងក្រុមហ៊ុនទូរស័ព្ទSmart ឲ្យបានដឹង បន្ទាប់មកនៅវេលាម៉ោង៦យប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ រស់ ហេង (ជាអ្នកតំណាងរបស់ក្រុមហ៊ុនSmart) បានមកពិនិត្យមើលខ្សែការពាររន្ទះសេវាទូរស័ព្ទរបស់ក្រុមហ៊ុនSmart ដែលត្រូវកាត់ផ្តាច់ ហើយក៏បាននាំខ្លួនជនសង្ស័យទាំង២នាក់យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹងឲ្យចាត់ការតាមច្បាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ សាត សុខជាង និងឈ្មោះ សែម លៃហួ ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់៕ស តារា


ចែករំលែក៖