ភ្នំពេញ៖ ដោយសារការបើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង ធ្វើឲ្យមនុស្ស៥នាក់របួសធ្ងន់ស្រាល បន្ទាប់ពីយុវជន៤នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា បោះពួយយ៉ាងលឿន ជ្រុលទៅបុកបុរសម្នាក់ កំពុងជិះម៉ូតូបត់ឆ្លងផ្លូវចូលផ្ទះពេញទំហឹង ដួលម៉ូតូអូសទៅប៉ះម៉ូតូ២គ្រឿងទៀត ដែលចតនៅលើចិញ្ចើមផ្លូវមុខហាងលក់ស៊ុបយីហោ “ចែមុំ” ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២៥នាទីយប់ថ្ងៃ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចមុខហាងលក់ស៊ុបមួយកន្លែង យីហោ “ចែមុំ” តាមបណ្ដោយ ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវជិតផុតហើយ ស្រាប់តែមានយុវជន៤នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CL-0346 ឌុបគ្នា បោះពួយយ៉ាងលឿន ក្នុងទិសដៅពីជើងមកត្បូង ទៅបុកម៉ូតូដែលឆ្លងផ្លូវពេញទំហឹង ដួលម៉ូតូអូសទៅប៉ះម៉ូតូ២គ្រឿងទៀត ដែលចតនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យមនុស្ស៥នាក់ រងរបួសធ្ងន់ស្រាល ។ ភ្លាមនោះតែយុវជន២នាក់ បានរត់គេចបាត់បន្សល់ទុកអ្នករបួសធ្ងន់ស្រាល២នាក់ នៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ តែយុវជនបង្កហេតុទាំង២នាក់នោះមិនព្រមទៅមន្ទីរពេទ្យទេ ព្រោះគេអត់លុយ ទើបព្យាយាមទូរស័ព្ទទៅកាន់ក្រុមគ្រួសារឲ្យជួយយកលុយមកចេញសងថ្លៃខូចខាត និងលាងរបួស ព្រមទាំងសងថ្លៃព្យាបាលដល់បុរសរងគ្រោះ ចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿងតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចក៏បានចុះមកកន្លែងកើតហេតុ និងរងចាំក្រុមគ្រួសារភាគីបង្ក យកលុយមកចេញសងជនរងគ្រោះសិន និងបានណែនាំយុវជនទាំង២នាក់នោះ ត្រូវចេះប្រុងប្រយ័ត្នក្នុងការបើកបរផងដែរ ៕ស រស្មី