ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសបែកមុខបែកមាត់ ខណះកំពុងតែបើកម៉ូតូតាមផ្លូវ ស្រាប់តែរថយន្តMazdaមួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្ន លុះមកដល់ត្រង់ចំណុចផ្លូវបត់មិនបើកភ្លើងស៊ីញ៉ូ ក៏ត្រូវម៉ូតូPCX ទៅបុកពីក្រោយទាំងកំរោល បណ្ដាលឲ្យម៉ូតូខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវមុនីវង្ស ជិតស្តុបបូកគោ ស្ថិតក្នុងសង្កត់ទន្លេបាសាក់ ខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដទំនើប១គ្រឿង ម៉ាក Mazda ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-2199 បើកបរដោយយុវជនម្នាក់ ធ្វើដំណើរពីទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះពេលមកដល់ចំណុចផ្លូវបត់ មិនបានបើកភ្លើងស៊ីញ៉ូវ ភ្លាមនោះស្រាប់តែមានបុរសម្នាក់ទំនងស្រវឹងស្រា ជិះម៉ូតូមួយគ្រឿង ម៉ាកPCX ពណ៌ស ពាក់មស្លាកលេខ ភ្នំពេញ 1FP-2191 ធ្វើដំណើរពីទិសដៅស្របគ្នា ក្នុងល្បឿនយ៉ាងលឿនដូចគ្នា ខណៈនោះរថយន្ដបានបើកបត់ទៅផ្លូវម្ខាងទៀត ធ្វើឲ្យអ្នកបើកម៉ូតូចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅគូទរថយន្ដពីក្រោយទាំងកំរោល បណ្ដាលរថយន្ដខូចខាតតិចតួច ចំណែកឯអ្នកបើកម៉ូតូរបួសបែកមុខបែកមាត់តិចតួច ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បានសម្រួលភាគីទាំង២ ដោយភាគីខាងម្ចាស់រថយន្ដទំនើប Mazda បានចេញសងថ្លៃការខូចខាតជាទឹកប្រាក់ចំនួន៦០ដុល្លារ ឲ្យទៅម្ចាស់ម៉ូតូ ដើម្បីបព្ចាប់រឿងនៅកន្លែងកើតហេតុតែម្តង ៕ស រស្មី