ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋមួយចំនួននៅខេត្តប៉ៃលិន បានពឹងឲ្យមន្ត្រីសុរិយោដីខេត្តម្នាក់ រត់ការធ្វើប្លង់ដីឲ្យពួកគាត់ដោយចំណាយថវិកាអស់ជាច្រើនពាន់ដុល្លារ កំពុងនាំគ្នាត្អូញត្អែរមិនចេះចប់មិនចេះហើយ ខណៈដែលពឹងឲ្យមន្រ្តីរូបនោះរត់ការរយៈពេលរាប់ ខែមកហើយនៅតែមិនទាន់បាន តែអ្នកខ្លះទៀតពេលចេញប្លង់មកហើយ បែរជាបាត់បង់ដីទៅវិញ ។ ប្រជាពលរដ្ឋទាំងនោះ បង្ហាញភាពជាក់ស្តែងមួយដូចជាដីនៅចំណុចភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលមានម្ចាស់ឈ្មោះ ញឹក បូរ៉ាឌី ភេទប្រុស អាយុ៤៧ ឆ្នាំ មានដីចំនួន៧៤ហិកតា លុះពេលចេញប្លង់មក បែរជាសល់តែ៦៦ហិកតា តែប៉ុណ្ណោះ គឺបាត់ជិត៨ហិកតាទៅហើយ ។
លោក ញឹក បូរ៉ាឌី បានរៀបរាប់ប្រាប់ឲ្យដឹងថា គាត់មានដីចំនួន៧៤ហិកតា បានកាន់កាប់ស្របច្បាប់តាំងពី ឆ្នាំ២០០៣មកម្ល៉េះថែមទាំងបានដាំដំណាំគ្រប់មុខ មិនដែលមានបញ្ហាអ្វីកើតឡើងជាមួយម្ចាស់ដីនៅបន្ទាត់ព្រំដីសងខាងនោះទេ ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ គាត់ចង់លក់ដីនោះឲ្យគេ ក៏ពឹងឲ្យមន្ត្រីសុរិយោដីខេត្តប៉ៃលិនម្នាក់ឈ្មោះ នួន ប៊ុនថុល រត់ការធ្វើប្លង់ដី ប៉ុន្តែនៅពេលចេញប្លង់មក បែរជាដីរបស់គាត់នៅសល់តែ៦៦ហិកតាទៅវិញ ។ ក្នុងករណីនេះគាត់សង្ស័យថាមានគេឃុបឃិតគ្នាយកដីរបស់គាត់ ដែលដីគាត់នេះបានកាន់កាប់មុនឈ្មោះ សែម សាខន អតីតមន្ត្រីភូមិបាលស្រុកសាលាក្រៅមកនៅទីនោះមកម្ល៉េះ ។ លោក ញឹក បូរ៉ាឌី បានបន្តទៀតថា នៅចំណុចដីរបស់គាត់ គឺមានបញ្ហាជាហូរហែ ដូចជាបន្ទាត់ព្រំដីត្រង់សោះ លុះពេលចេញប្លង់មកបែរជាវៀច ទៅវិញ ។ ដោយឡែក ក្នុងការចំណាយឲ្យមន្ត្រីសុរិយោដីរត់ការធ្វើប្លង់នេះវិញគាត់ អស់ថវិការ២៧៥០០ដុល្លារផងដែរ តែទទួលផលមកវិញបាត់ដីអស់៨ហើកតា ។ ភាពមិនប្រក្រតីទាំងនេះគាត់ និងដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន និងអាជ្ញាធរខេត្ត ដើម្បីរកយុត្តិធម៌ឲ្យបាន ។ ជាមួយគ្នានេះដែរគាត់ ក៏បានស្នើសុំបន្ថែមសុំឲ្យអាជ្ញាធរជំនាញ មានសុរិយោដី និងថ្នាក់ខេត្ត ជួយដោះស្រាយរូបគាត់ផង ។
ពាក់ព័ន្ធបញ្ហានេះដែរ លោក នួន ប៊ុនថុល មន្ត្រីសុរិយោដីខេត្តប៉ៃលិន បានឲ្យដឹងតាមទូរស័ព្ទកាលពីវេលាម៉ោង១០ និង១៤នាទីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ថាការបាត់ដីនេះគឺដោយសារតែអ្នកជំនាញវាសស់វែង ដោយកាត់ដីចំណីអូរ និងចំណីផ្លូវចេញមួយចំនួនធំ ព្រោះនៅក្នុងដីរបស់គាត់(ជនរងគ្រោះ) មានអូរ និងផ្លូវច្រើនដែលជាចំណីផ្លូវសាធារណៈដោយកាត់១៥ម៉ែត្រសងខាង ។ ជាមួយគ្នានេះដែរនៅពេលចុះទៅវាស់វែងគឺយើងមានភាគីសង ខាងជាអ្នកទទួលដឹងឮ ចំពោះឈ្មោះ សែម សាខន ដែលមានដីនៅចំណុចនោះគឺពេលវាស់វែងឈ្មោះ សែម សាខន ជាអ្នកបង្ហាញដីគេមែន ។
លោកបានបន្តថា ចំពោះថវិកាជាង២ម៉ឺនដុល្លានោះគឺលោកយកមែន ដើម្បីបង់ពន្ធជូនរដ្ឋ ព្រោះធម្មតាតម្លៃតារាងគេដាក់ផ្សេង ចំណែកថ្លៃទឹកដៃគេផ្សេងដែរ ហើយបើគាត់ចង់ប្តឹង ក៏មិនអីដែរ លោកនឹងលើកបង្ហាញតាមហឹ្នង ។ ប៉ុន្តែបើកាលណាមានការវាស់វែងសាជាថ្មី លោកនឹងទៅចូលរួមដែរ ព្រោះខ្លាចមានការចង្ហុលបង្ហាញប្លង់ដីខុស ពីកាលដែលលោកបានចុះវាស់វែងឲ្យនោះ ។
ចំណែកលោក ហុង ពៅ ប្រធានស្តីទីមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន ភា្នក់ងារកាសែតនគរវត្តបានទាក់ទងតាមទូរស័ព្ទដើម្បីសុំការពន្យល់ដែរ ប៉ុន្តែនៅពេលគ្រាន់តែឮអ្នកសារព័ត៌មានសួរនាំ លោកបែរជាប្រាប់ថាជាប់រវល់ជាមួយភ្ញៀវ ហើយ ក៏បិទទូរស័ព្ទទៅ ៕ស សារ៉េត