ខេត្តប៉ៃលិន៖ ចោរលួចចូលគាស់ផ្ទះរួចចូលគាស់ទូ យកខ្សែក ៣ជី យកទៅលាក់ទុក ត្រូវបានម្ចាស់គេដាក់បណ្ដឹងទៅនគរបាលប៉ុស្តិ៍ស្ទឹងកាច់ដឹងមុខសញ្ញា ក៏ចុះចាប់ឃាត់ខ្លួនស្ត្រីជាជនសង្ស័យមករួចយកមកសួរនាំពិតជា លួចគាស់ផ្ទះយកខ្សែកមែន ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់បានទទួលបណ្ដឹងពីឈ្មោះ ធន ម៉ៅ ភេទស្រី អាយុ ៤២ ឆ្នាំ មានទីលំនៅនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពីករណីបាត់ខ្សែកមាសទម្ងន់បីជី, ពីក្នុងបន្ទប់កាលពីវេលាម៉ោងប្រហែល ២០និង៣០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ក្រោយពីស៊ើបអង្កេត ស្រាវជ្រាវ កម្លាំងជំនាញ បានហៅឈ្មោះ ឃឹម មុំ ភេទស្រី អាយុ ៣៤ ឆ្នាំ ស្នាក់នៅទឹកដីប្រទេសថៃ មកសាកសួរ ។ បន្ទាប់ពីសាកសួរ ជនសង្ស័យខាងលើ បានសារភាពថា វត្ថុតាងដែលបាត់នោះ ខ្លួនបានយកទៅកប់លាក់ទុកនៅមុខផ្ទះរបស់ជនរងគ្រោះ ។
វត្ថុតាងដែលបាត់បង់មាន៖ ខ្សែក ២ ខ្សែ រួមជាមួយ និងបន្តោង១ ធ្វើពីលោហធាតុពណ៌លឿង, ខ្សែដៃ ១ខ្សែធ្វើពីលោហធាតុពណ៌លឿង ។
បច្ចុប្បន្នវត្ថុតាងត្រូវបានប្រគល់ម្ចាស់ដើមវិញ រីឯជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធី ៕ ស សារ៉ត