ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ ចូលរួមសន្និសីទទ្រព្យគរុភណ្ឌឥស្លាមសាកលលើកទី៦ ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានដឹកនាំគណៈប្រតិភូ ចូលរួមសន្និសីទទ្រព្យគរុភណ្ឌឥស្លាម សាកលលើកទី៦ ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ ដែលបាន ប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១៩ ដល់២២ វិច្ឆិកា ឆ្នាំ២០១៨ ក្នុងគោលបំណង ការបង្កើតវិថីអភិវឌ្ឍន៏ទ្រព្យគរុភណ្ឌឥស្លាមពិភពលោក ។

សន្និសីទនេះ រៀបចំឡើងដោយ ក្រុមប្រឹក្សាកណ្តាលឥស្លាមថៃ(CICOT) សាកលវិទ្យាល័យអន្តរជាតិ ម៉ាឡេស៊ី Al-Madinah សាកលវិទ្យាល័យ ថៃជុឡាឡុងកន មូលនិធិឥស្លាមថៃ សាកលវិទ្យាល័យឥស្លាមអន្តរជាតិ ម៉ាឡេស៊ី ស្ថាប័ន UNIRAZAK ម៉ាឡេស៊ី និង Pekan Bau ឥណ្ឌូនែស៊ី នៅសណ្ឋាគារ Al Meroz វិថី​ Ramkhamhaeng ទីក្រុងបាងកក ប្រទេសថៃ ។

លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បាន លើកឡើងនៅថ្ងៃអង្គារ៏ ១៣កើត ខែកត្ដិក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២០ វិច្ឆិកានេះថា៖ ប្រធានបទនៃសន្និសីទនេះគឺ កំណែទម្រង់ទ្រព្យគរុភណ្ឌសាសនា សម្រាប់ការវិវត្តវិស័យឧស្សាហកម្មលើកទី៤។ -សន្និសីទនេះនឹងផ្តល់ឱកាសដល់អង្គសន្និសីទដែលមកពីតំបន់ និងវិស័យខុសៗគ្នានៃប្រទេសផ្សេងៗគ្នា មកចែករំលែក បទពិសោធន៍ទាក់ទងនឹងការកែទម្រង់ប្រព័ន្ធទ្រព្យគរុភណ្ឌសាសនាទាំងមូល ឲ្យទៅជាផែនការយុទ្ធសាស្ត្រដែលបញ្ជ្រាបទ្រព្យគរុភណ្ឌ សម្រាប់ជួយដល់សុខុមាលភាពសង្គមមុស្លិម ដែលជាកម្លាំងនាំដល់ដំណើរការវិវត្តវិស័យឧស្សាហកម្មលើកទី៤។

សន្និសីទទ្រព្យគរុភណ្ឌឥស្លាមសកលលើកទី៦នេះគឺមានគោលបំណងរួមនៃការបង្កើត វិថីអភិវឌ្ឍន៍ទ្រព្យគរុភណ្ឌឥស្លាមពិភពលោក គឺជំរុញផ្លាស់ប្តូរការបញ្ជ្រាបសេដ្ឋកិច្ច និងសង្គម ជាមួយសេដ្ឋកិច្ចសាកល ទៅក្នុងសម័យកាលថ្មីនៃវិបុលភាព សុភមង្គល និងអភិបាលកិច្ចយុត្តិធម៌ សមធម៌ ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរួម និងការចែករំលែកទៅក្នុងសង្គម ៕ សំរិត


ចែករំលែក៖