ព័ត៌មានទាន់ហេតុការណ៍៖

ហ្វុីលីពីន ចុះកិច្ចព្រមព្រៀងរុករកប្រេងជាមួយចិនក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីស៊ីជីនពីង

ចែករំលែក៖

ចិននិងហ្វីលីពីនបានព្រមព្រៀងគ្នារុក រកប្រេងរួមនៅតំបន់សមុទ្រ ដែលជាកិច្ច ព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រម ព្រៀងចំនួន២៩ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២០ខែវិច្ឆិកា។ កិច្ចព្រមព្រៀង ខាងលើបានធ្វើឡើង ក្នុងពេលដែលប្រធា នាធិបតីចិន លោក ស៊ី ជីនពីង បានបំពេញទស្សនកិច្ចទៅកាន់ហ្វុីលីពីន ។

ប្រទេសទាំងពីរបានចុះហត្ថលេខា លើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការណ៍ នៅក្នុងវិស័យពាណិជ្ជកម្ម ហេដ្ឋារចនា សម្ព័ន្ធ និងបង្កើនទំនាក់ទំនងទ្វេភាគី ។ ក្រោយជំនួបជាមួយប្រធានាធិបតីហ្វីលីពីន លោក ឌុយទែរតេ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ប្រធានាធិបតីចិន ស៊ី ជីនពីង បានបញ្ជាក់ថា ដំណើរទស្សនកិច្ចគឺជាការចាប់ផ្តើមនៃទំនាក់ទំនង ប្រទេសទាំង ពីរកាន់តែប្រសើរឡើង ។ លោក ស៊ី ជីនពីង គឺជាប្រធានាធិបតីចិនទីមួយដែលបំពេញទស្សនកិច្ចទៅកាន់ទីក្រុងម៉ានីលប្រទេសហ្វុីលីពីន ជាលើកដំបូង ក្នុងរយៈ ពេល ១៣ឆ្នាំកន្លងមក។

ដំណើរទស្សនកិច្ច របស់ ប្រធានាធិបតី ចិន គឺដើម្បីធ្វើឲ្យទំនាក់ទំនងរវាងចិននឹងហ្វុីលីពីនកាន់តែជិតស្និទ្ធថែមទៀត ។ ចិនបានបង្កើនការវិនិយោគនិងផ្តល់ជំនួយ ដល់ប្រទេស ដែលជាសម្ពន្ធមិត្តយ៉ាងជិតស្និតជាមួយអាមេរិក ជាច្រើនទសវត្សវត្ត កន្លងមក បើទោះបីកំពុងតែមានវិវាទជុំវិញសមុទ្រចិនខាងត្បូងក្តី។

ប្រធានាធិបតីចិនបានបញ្ជាក់ថា«ចិន និងហ្វុីលីពីន មានផលប្រយោជន៍រួមគ្នាជ ាច្រើន នៅសមុទ្រចិនខាងត្បូង ។យើងនឹងបន្តដោះស្រាយបញ្ហាវិវាទដោយកិច្ចសហប្រតិបត្តិការ »។ លោកស៊ី ជីនពីងបន្តទៀត ថា លោកនឹងធ្វើការជាមួយបណ្តាប្រទេស តំបន់អាស៊ាន ដើម្បីដោះស្រាយលើបញ្ហាសមុទ្រចិនខាងត្បូង ។

ចាប់តាំងពីប្រធានាធិបតី ឌុយ ទែរតេ ឡើងកាន់អំណាចដឹកនាំហ្វុីលីពីន មក ទលើពេលនេះ លោកបានបង្កើនទំនាក់ ទំនងជាមួយចិន ដោយបោះបង់អាមេរិក។ កាលពីថ្ងៃទី២០ខែវិច្ឆិកា ហ្វុីលីពីន បាន ក្រាលកម្រាលព្រំក្រហម ទទួលស្វាគមន៍ ប្រធា​នាធិបតីចិន។ លោកស៊ី ជីនពីង បានធ្វើដំណើរ ទៅដល់ទីក្រុងម៉ានីល នៅថ្ងៃ២០ខែវិច្ឆិកា ដើម្បីផ្តើមទស្សន កិច្ចផ្លូវរដ្ឋ ជាលើកទី១របស់លោក នៅក្នុង ប្រទេសហ្វុីលីពីន ដែលធ្លាប់ជាសម្ព័ន្ធមិត្ត របស់អាមេរិក។ ហ្វុីលីពីន ក្នុងអាណត្តិដឹកនាំរបស់លោកប្រធានាធិបតី ឌុយទែរតេ បានព្យាយាមពង្រឹងចំណងមិត្តភាពជា​មួយមហាអំណាចចិន ប៉ុន្តែ ទាំងត្រដាប ត្រដួស ដោយសារជម្លោះដណ្តើមទឹកដី នៅក្នុងសមុទ្រចិនខាងត្បូង។

លោកស៊ី ជីនពីង ជាប្រធានាធិបតីចិន ទី១ ដែលធ្វើដំណើរទស្សនកិច្ចទៅប្រទេសហ្វុីលីពីន នៅក្នុងរយៈពេល១៣ឆ្នាំចុង ក្រោយនេះ។ ក្រៅតែពីហ្វុីលីពីនជាសម្ពន្ធមិត្តរបស់អាមេរិក ជម្លោះដណ្តើមដីកោះនៅសមុទ្រចិនខាងត្បូង រវាងចិននឹងហ្វុីលី ពីន ជាដើមហេតុនៃអវត្តមានទស្សនកិច្ចរបស់ប្រមុខដឹកនាំចិន នៅប្រទេសហ្វុីលីពីន។ ប៉ុន្តែ ចាប់តាំងពីចូលកាន់តំណែងជាប្រធានាធិបតីហ្វុីលីពីន នៅឆ្នាំ ២០១៦ មកលោក ឌុយទែរតេដែលបត់ក្បាលនយោបាយ ផ្ទុយពីមេដឹកនាំហ្វុីលីពីនមុនៗ បានបើកដៃ ស្វាគមប្រទេសចិន ដោយបែរខ្នងដាក់ អាមេរិក ដែលជាសម្ពន្ធមិត្ត និងអតីតម្ចាស់អាណានិគមនិយមលើហ្វុីលីពីន។ លោក ឌុយទែរតេ មិនត្រឹមតែជេរប្រមាថប្រធានា ធិបតី អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែលោកនៅ បានប្រកាសឲ្យហ្វុីលីពីនបំភ្លេចចោល សាលក្រមរបស់តុលាការអាជ្ញាកណ្តាល អន្តរជាតិ នៅទីក្រុងឡាអេ ដែលបាន សម្រេចឲ្យហ្វុីលីពីនឈ្នះក្តី លើប្រទេសចិន ក្នុងជម្លោះនៅសមុទ្រចិនខាងត្បូងទៀតផង។

ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឌុយទែរតេ ទៅប្រទេសចិន ទីក្រុង ប៉េកាំង ក្នុងចេតនា ស្វាគមន៍មេដឹកនាំ ហ្វុីលីពីន បានសន្យាផ្តល់ប្រាក់ជំនួយ និង ប្រាក់កម្ចី ប្រមាណ ២៤ពាន់លានដុល្លារ សម្រាប់វិនិយោគហេដ្ឋារចនាសម្ព័ន្ធ នៅ ប្រទេសហ្វុីលីពីន។ ប៉ុន្តែ ពីរឆ្នាំកន្លងផុត ការសន្យារបស់ប្រទេសចិន មានតែនៅលើ ក្រដាស ព្រោះថា មានទឹកប្រាក់តិចតួច ណាស់ ដែលចិនបានបញ្ជូនទៅឲ្យរដ្ឋាភិបាលក្រុងម៉ានីល។

សម្រាប់អ្នកវិភាគនយោបាយហ្វុីលីពីន វិញ ចិនបានបង្កកប្រាក់ជំនួយ និងទំនាក់ ទំនងជាមួយហ្វុីលីពីន ដោយសារតែជំហរ នយោបាយមិនទៀងទាត់របស់ប្រធានាធិបតីហ្វុីលីពីន ដែលបានបែរត្រលុបទៅត្រូវរ៉ូវ គ្នាវិញ ជាមួយប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ។ មួយវិញទៀត ម្តងម្កាល លោកឌុយទែរតេ បានដំឡើង សំឡេងរិះគន់ ការសាងសង់ កោះសិប្ប និម្មិត្តរបស់ចិន នៅសមុទ្រចិនខាងត្បូង ដែរ។ គេវាយតម្លៃថា ដោយផ្តល់ប្រាក់ ជំនួយ និងប្រាក់កម្ចីរាប់ពាន់លានដុល្លារ ចិនចង់បន្ធូរបន្ថយភាពតានតឹង ជាមួយហ្វុី លីពីន ក្នុងជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង។

រដ្ឋមន្រ្តីសេដ្ឋកិច្ចហ្វុីលីពីន លោក Benjamin Dioknoនៅ សប្តាហ៍មុន បាន ពន្យល់ពីការយឺតយ៉ាវ ដោយសារតែភាគី ចិនមិនធ្លាប់ស្គាល់ ប្រព័ន្ធដាក់ដេញថ្លៃ គម្រោងវិនិយោគ នៅក្នុងប្រទេសហ្វុីលី ពីន។ ប៉ុន្តែ លោកសង្ឃឹមថា ទស្សនកិច្ច របស់ប្រធានាធិបតីចិន នៅទីក្រុងម៉ានីល នឹងដាក់សម្ពាធ លើមន្រ្តីចិន ឲ្យប្រញាប់ បញ្ជូនកញ្ចប់ប្រាក់ជំនួយ និងប្រាក់កម្ចីទៅតាមការសន្យាកន្លងមក។

នៅក្នុងដំណើរទស្សនកិច្ច កាលពីខែ មុន នៅ ទីក្រុងម៉ានីល រដ្ឋមន្រ្តីការបរទេសចិនបានអះអាងថា ការវិនិយោគរបស់ចិន នៅហ្វុីលីពីនបានកើនឡើង ខ្លាំង នៅ៦ខែ ដើមឆ្នាំនេះ បន្ទាប់ពី កើនឡើងដល់៦៧ ភាគរយ កាលពីឆ្នាំមុន។ ប៉ុន្តែ សម្រាប់ ប្រធានវិទ្យាស្ថានពិគ្រោះយោបល់ពាណិជ្ជកម្មហ្វីលីពីន អ្នកវិនិយោគចិនបានចាក់ លុយមែន នៅហ្វុីលីពីន ប៉ុន្តែ សម្រាប់ កាស៊ីណូ ភ្នាល់ល្បែង តាមអុីនធើណេត ការវិនិយោគទៅលើអចលទ្រព្យ ផ្នែកសេវា ហើយនិងបោះទុនវិនិយោគ ទៅលើក្រុមហ៊ុនហ្វុីលីពីនដែលមានស្រាប់ ប៉ុន្តែ គេ កម្រនឹងឃើញក្រុមហ៊ុនចិន វិនិយោគទ្រង់ ទ្រាយធំ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ឬរោង ចក្រនៅហ្វុីលីពីនណាស់៕ ម៉ែវ សាធី


ចែករំលែក៖