ខេត្តព្រៃវែង៖ នៅថ្ងៃទី២១ ខែវិច្ឆិកានេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យ និងវាយតម្លៃផ្ទាល់លើការងារបង្កបង្កើនផលស្រូវ របស់ប្រជាពលរដ្ឋក្នុងស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង ពាក់ព័ន្ធនឹងឃុំ២ គឺឃុំរំលេច និងឃុំព្រែកដើមថ្លឹង ដែលមានផ្ទៃដីបង្កបង្កើនផល សរុប៧០០ហិកតា ក្នុងនោះស្រូវធ្ងន់ ចំនួន២៥០ហិកតា និងស្រូវស្រាលចំនួន៤៥០ហិកតា ដែលក្រុមអន្តរាគមន៍បូមទឹករបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ដែលបន្តជួយសង្គ្រោះរហូតមកដល់ថ្ងៃនេះ ដែលជាលទ្ធផល គឺទទួលបានផលគាប់ប្រសើរ។
ការចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារបង្កបង្កើនផលស្រូវនេះ ត្រូវបានធ្វើឡើង ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នាសម័យប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែវិច្ឆិកាកន្លងទៅ និងឲ្យមានភាពប្រាកដនិយមលើការងារបង្កបង្កើនផលស្រូវ។
សូមបញ្ជាក់ជូនថា តំបន់នេះ គឺជាតំបន់លិចទឹក នៅពេលមានជំនន់ធំដូចឆ្នាំនេះ។ ដូចនេះជាជាទម្លាប់ក៏ដូចជាបទពិសោធន៍កន្លងមក គឺប្រជាពលរដ្ឋ ធ្វើស្រូវស្រាលឲ្យទាន់ជំនន់មកដល់ ជាក់ស្តែងបានច្រូតកាត់ប្រមូលផលរួចរាល់អស់ទៅហើយ ឯការជួយពេលនេះ គឺស្រូវលើកទី២ និងស្រូវធ្ងន់តែប៉ុណ្ណោះ៕ សហការី