ក្នុងនាមប្រជាពលរដ្ឋតូចតាចម្នាក់ រស់នៅខេត្តព្រះសីហនុសព្វថ្ងៃ ទើសចិត្តតឹងដើមទ្រូងជាពន់ពេក ឥតឧបមា ចំពោះការដែលជនជាតិចិនធ្វើមិនឲ្យមានរបៀបរៀបរយចំពោះបញ្ហាអក្សរសាស្ត្រជាតិខ្មែរ ។ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តទៀតនោះ គឺថ្នាក់ដឹកនាំក្រុងព្រះសីហនុ ក៏ដូចជាថ្នាក់ដឹកនាំខេត្តមិនដែលខ្វល់ចំពោះចំណុចខុសឆ្គងទាំងនោះឡើយ ។ តាមខ្ញុំគិត គឺពួកគេមិនខ្វល់ពីអ្វីដែលជាបញ្ហាអក្សរសាស្ត្រជាតិ ផ្ទុយទៅវិញ គេចាត់ទុកថា ជារឿងភ័ន្តច្រឡំកំប៉ិកកំប៉ុក ដែលគេអាចយកថ្នាំទៅបៀក កោសលាប បំបាត់បាន ដោយខានមិនបាន ។
ប៉ុន្តែអ្វី ដែលហៅថា ព្រលឹងជាតិ កំពុងត្រូវបានជាន់ឈ្លី ព្រោះតែការមិនយល់ និងមិនឲ្យតម្លៃរបស់បណ្តាជនជាតិចិនមួយចំនួនដែលកំពុងរកស៊ីនៅខេត្តព្រះសីហនុ ។ ខ្ញុំបាទយល់ថា ជនជាតិចិនទាំងនោះទៅចុះ មិនចេះអក្សរខ្មែរ ប៉ុន្តែនៅពេលដែលពួកគេលើកប៉ាយហើយនោះ មន្ត្រីខ្មែរដែលអាចអាន និងសរសេរអក្សរខ្មែរបាន ហេតុអ្វីក៏មិនយល់ ឬក៏មិនឈឺចាប់អ្វីទាំងអស់យ៉ាងនេះ? មិនមែនតែមួយកន្លែងនោះទេ ដែលអក្សរសាស្ត្រខ្មែរ ត្រូវបានប្រើទាំងងងិតងងល់មិនយល់អ្វីទាំងអស់ ។ ឬមួយថ្នាក់ដឹកនាំក្រុង និងខេត្តព្រះសីហនុយល់ថា ពួកចិនសរសេរអក្សរខ្មែរនៅលើហាងរបស់ពួកគេដើម្បីឲ្យជនជាតិចិនគ្នាគេអាន និងមើល? បើទោះយល់យ៉ាងនេះក៏ដោយ ក៏វានៅតែជាបញ្ហារបស់អក្សរសាស្ត្រជាតិខ្មែរ ។
ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុយល់ឃើញថា ក្រៅពីថ្នាក់ដឹកនាំក្រុង និងខេត្ត មិនសូវជាឲ្យតម្លៃចំពោះបញ្ហាអក្សរសាស្ត្រជាតិនោះ ក៏នៅមានថ្នាក់ដឹកនាំទាំងនេះ មានកម្រិតចំណេះដឹងស្ទើរចំពោះវិស័យអក្សរសាស្ត្រជាតិនេះទៀតផង ។ ប្រសិនបើថ្នាក់ដឹកនាំ មានចំណេះដឹងជ្រៅផ្នែកអក្សរសាស្ត្រជាតិខ្មែរ ពួកគេនឹងឈឺចាប់ជាពន់ពេកនៅពេលដែលឃើញជនបរទេសសរសេរអក្សរខ្មែរយ៉ាងដូច្នេះ ។ ជួនកាលនៅពេលប្រជាពលរដ្ឋរិះគន់ខ្លាំង ទើបអាជ្ញាធរបញ្ជាឲ្យរុះរើ ឬរើស្លាកសញ្ញាទាំងឡាយ ដែលយល់ថា មិនត្រឹមត្រូវ ។ ប៉ុន្តែវាបានឆ្លុះបញ្ចាំរួចទៅហើយថា អាជ្ញាធរក្រុង ខេត្តព្រះសីហនុគ្មានសមត្ថភាពទាល់តែសោះចំពោះបណ្តាជនជាតិចិន ដែលកំពុងរស់នៅលើក្រុងព្រះសីហនុ កុំថាឡើយ ដល់ទៅគ្រប់គ្រងពួកគេ សូម្បីតែពួកគេធ្វើអ្វីចំពោះអក្សរសាស្ត្រ ក៏អាជ្ញាធរទីនោះគ្មានលទ្ធភាពការពារបានផង ៕