ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនបុរសជនសង្ស័យម្នាក់ ដែលនិយាយគំរាម តាមប្រព័ន្ធ បណ្តាញសង្គមប៉ុនប៉ងសម្លាប់ស្ត្រីម្នាក់ដែលបុរសរូបនោះមិនអាចតាមស្រឡាញ់បាន ។
ជនសង្ស័យ ឈ្មោះ កន ដេត ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅព្រៃស កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោយសមត្ថកិច្ចបានឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ។
ជនសង្ស័យ ឈ្មោះ កន ដេត បានរងការចោទពីបទសង្ស័យគំរាម កំហែងសម្លាប់ និងបរិហាកេរ្តិ៍ជាសាធារណៈ ។ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានរៀបរាប់អំពីហេតុការណ៍ដែលជាប់ពាក់ព័ន្ធឲ្យដឹង ថារឿងហេតុបានកើតឡើងពីជនសង្ស័យឈ្មោះ កន ដេត ដែលបានឆាតទៅសុំស្រឡាញ់ស្ត្រីដែលជាជនរងគ្រោះ ។
ពេលជនរងគ្រោះមិនឆ្លើយតប ជនសង្ស័យនោះ បានសរសេរសារបង្ហោះ (comment/post) និងបន្ត ផ្ញើសារ (messenger)បន្ថែមទៀត ក្នុងន័យតាមស្រឡាញ់ទៅរំខានច្រើនដង ។ ជនរងគ្រោះ បានប្លុកគណនី (Block) តាមរំខានសុំស្រឡាញ់នោះ ដែលបណ្តាលឲ្យជនសង្ស័យរូបនោះមានការខឹងសម្បារយ៉ាងខ្លាំង ហើយបាននិយាយគម្រាមថានឹង តាមព្យាបាទជារៀងរហូត ។
ជនសង្ស័យ កន ដេត បានបង្កើតគណនីជាច្រើនតាមរំខាន និងបានសរសេរអត្ថបទអសុរោះ ជេរប្រមាថ បរិហាកេរ្តិ៍ជនរងគ្រោះ ក្រុមគ្រួសារ មិត្តភ័ក្តទាំងឡាយ និងបានផ្ញើសារជាសម្លេង គំរាមថា នឹងសម្លាប់ជនរងគ្រោះផងដែរ ។ អំពើគម្រាមកំហែងតាមសម្លាប់នោះ បាននាំឲ្យមានការប្តឹងទៅសមត្ថកិច្ចដើម្បីការចាត់វិធានការណ៍រាំងស្កាត់ក្នុងការការពារសន្តិសុខផ្ទាល់ខ្លួន ៕ ចេស្តា