ខេត្តពោធិ៍សាត់៖ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានអះអាងថា ក្មេងប្រុស ២នាក់បងប្អូន បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារផ្ទុះគីបគ្រាប់បែក នៅគ្រាដែលក្មេងរងគ្រោះ រើសពីគំនរសំរាបក្បែរផ្ទះយកមកលេង ។
ប្រភពព័ត៌មានខាងលើបន្តថា ហេតុការណ៍គ្រោះថ្នាក់ផ្ទុះគីបគ្រាប់បែកខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះឪពុកម្ដាយក្មេងរងគ្រោះ ស្ថិតក្នុងភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានដដែលបន្តទៀតថា ក្មេងរងរបួសទី១ ឈ្មោះ ហេង ផាន់ណា អាយុ ១០ឆ្នាំ ជនជាតិខ្មែរ និងទី២ ឈ្មោះ ហេង ផាន់នី ភេទប្រុស អាយុ ៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ក្មេងរងរបួសទាំង ២នាក់ បងប្អូនរស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតក្នុងភូមិ ឃុំកើតហេតុខាងលើ ។ មូលហេតុក្មេងរងរបួសជាប្អូន បានរើសគីបគ្រាប់បែកពីគំនរសំរាម ផ្នែកខាងត្បូងផ្ទះ យកមកឲ្យបង (រងរបួសដែរ) ហើយក្មេងជាបងបានដកក្រឡេះស្លាបព្រា ស្រាប់តែផ្ទុះបណ្ដាលរងរបួសបែបនេះតែម្ដង ភ្លាមៗ ក្រុមគ្រួសារសាច់ញាតិបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ៕ ប៉ឹម ពិន