ភ្នំពេញៈ បុរសម្នាក់បានបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ និងមនុស្ស៤នាក់ទៀត រងរបួសធ្ងន់ ស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនពេក មិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ មួយគ្រឿងទៀត កំពុងបត់ឆ្លងផ្លូវ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខ ស្ថានីយទូរទស្សន៍ CTN តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមសម្តីអ្នកជិះពីក្រោយរងរបួសស្រាលបានឲ្យដឹងថា ជនរងគ្រោះ (ស្លាប់) មានឈ្មោះ កុយ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបបជាងជួសជុលទូរទស្សន៍ ស្នាក់នៅម្ដុំផ្សារព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងអ្នករងរបួសស្រាលមានឈ្មោះ សី ហា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ រស់នៅជិតគ្នាជាមួយជនរងគ្រោះដែលបាត់បង់ជីវិត ។
ប្រភពបន្តថា នៅមុនពេលកើតហេតុ មាន បុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ ស៊េរី ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1B-7888 បានជិះគ្នា២នាក់ តាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតខាងលើ ស្របពេលមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរី ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1M-6269 ដែលជិះឌុបគ្នា៣នាក់ម្តាយ ឪពុក និងកូនតូច បានឆ្លងផ្លូវពីស្តាំមកឆ្វេងមិនប្រយ័ត្នផងនោះ ក៏ត្រូវម៉ូតូហុងដាស៊េរី២០០៦ ដែលជិះគ្នា២នាក់ បានបុកចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់បោកក្បាលនឹងផ្លូវស្លាប់ភ្លាមៗ នៅកន្លែង ចំណែក មនុស្ស៣នាក់រងរបួសធ្ងន់ និងម្នាក់ទៀត រងរបួសស្រាល រីឯម៉ូតូទាំង២គ្រឿងបានរងការខូចខាតយ៉ាងដំណំផងដែរ ។
ក្រោយកើតហេតុ ជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយទៅដឹក យកមកមន្ទីរពេទ្យដើម្បីជួយសង្គ្រោះភ្លាមៗ ។ ចំណែកឯម៉ូតូទាំង២គ្រឿងនេះ ត្រូវបានសមត្ថកិច្ចចុះទៅវាស់វែងយកទៅរក្សាទុក នៅចរាចរណ៏ក្រុង រង់ចាំដោះស្រាយតាមក្រោយ ។ រីឯសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕អារុណរះ