ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ទំនប់ទឹក ខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាកIPhone ពីនារីម្នាក់ កំពុងជិះម៉ូតូធូដេ(កូនទា)តាមផ្លូវសាធារណៈ រួចបញ្ជូនមកកាន់ទីស្នាក់ការប៉ុស្តិ៍ដើម្បីធ្វើការសាកសួរបន្ត ។
ករណីចោរឆក់ខាងលើនេះ បានកើតឡើងកាលវេលាម៉ោង៤ល្ងាច ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខាងក្រោយសាលាវ៉ាន់ដា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលខណ្ឌចំការមន បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើនេះទី១មានឈ្មោះ ហេង ណាំហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកទឹកដោះគោលក់ ស្នាក់នៅផ្ទះលេខ២៨៣ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ជនសង្ស័យទី២ឈ្មោះ ពៅ ភេទប្រុស អាយុ១៩ឆ្នាំ មានមុខដូចគ្នាស្នាក់នៅក្បែរគ្នា ក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
មន្រ្តីដដែលបន្តទៀតថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះកំពុងជិះម៉ូតូម៉ាធូដេ(កូនទា) ខណៈនោះស្រាប់តែមានជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ មកអែមក្បែរជនរងគ្រោះរួចធ្វើសកម្មភាពលូកយកទូរស័ព្ទដៃម៉ាកIphone ពីជនរងគ្រោះបានសម្រេច ។ ភ្លាមនោះជនសង្ស័យ បានប្រទះឃើញសមត្ថកិច្ចកំពុងជិះម៉ូតូល្បាត ភ័យក៏បានបោះទូរស័ព្ទជនរងគ្រោះចោលតែម្តង។ ចំណែកជនរងគ្រោះបានជិះម៉ូតូទៅបាត់ ដោយមិនបានដាក់ពាក្យបណ្ដឹងនោះទេ ។
ក្រោយកើតហេតុជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរនៅទីស្នាក់ប៉ុស្តិ៍ទំនប់ទឹកនិងដើម្បីកសាងសំណុំរឿងបញ្ជូនខ្លូនទៅកាន់អធិការរដ្ឋានខណ្ឌចំការមនចាត់ការបន្តតាមនិតិវិធីច្បាប់៕ស រស្មី